(បរទេស)៖ របាយការណ៍ចុងក្រោយរបស់ Canalys បានបង្ហាញពីការព្យាករណ៍មួយចំនួនសម្រាប់ទីផ្សារស្មាតហ្វូនដែលអាចបត់បាននាពេលខាងមុខ ដោយការព្យាករណ៍ជាលើកដំបូងនោះគឺបានបង្ហាញពីអត្រានៃការនាំចេញប្រចាំឆ្នាំ នៃស្មាតហ្វូនដែលអាចបត់បានអាចឈានដល់ទៅ ៣០លានគ្រឿងនៅក្នុងឆ្នាំ២០២៤ មានន័យថាអត្រាកំណើនប្រចាំឆ្នាំ(CAGR) កើនឡើង ៥៣ភាគរយនៅចន្លោះឆ្នាំ២០២១ និង ២០២៤។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងពេលជាមួយគ្នានេះ Canalys រំពឹងថាតម្លៃលក់ជាមធ្យមសម្រាប់ស្មាតហ្វូនដែលអាចបត់បាននឹងមានការធ្លាក់ចុះពាក់កណ្តាលពីតម្លៃដែលបានដាក់លក់ពីឆ្នាំ២០១៩ មកនៅប្រហែលជាខ្ទង់ ១,០០០ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៤ខាងមុខ។

មួយផ្នែកធំសម្រាប់ស្មាតហ្វូនដែលអាចបត់បានគឺមានការកើនឡើង ១៤៨ភាគរយដែលផ្តើមចេញពីការលក់នៅក្នុងឆ្នាំ២០២១ ជាមួយនឹងការនាំចេញសរុបទទួលបានចំនួន ៨.៩លានគ្រឿងផងដែរ។ ខណៈដែលស្មាតហ្វូនធម្មតាមានការកើនឡើងត្រឹមតែ ៧ភាគរយប៉ុណ្ណោះនៅក្នុងរយៈដូចគ្នា។

គួរជម្រាបដែរថា សម្រាប់ការនាំចេញស្មាតហ្វូន Android គឺបានធ្លាក់ចុះចំនួន ១៨ភាគរយបើធៀបទៅនឹងតម្លៃដែលបានដាក់លក់នៅក្នុងឆ្នាំ២០១៩ ដូច្នេះហើយទើបបានជាបណ្តាលក្រុមហ៊ុនផលិត Android មួយចំនួនកំពុងតែព្យាយាមបង្កើនតម្រូវការ ជាមួយនឹងការផ្តល់ជូននូវស្មាតហ្វូនថ្មីជាក់ស្តែងដូចជាស្មាតហ្វូនដែលអាចបត់បាន ដើម្បីប្រកួតប្រជែងជាមួយ Apple ដែលមានការកើនឡើង ៦៨ភាគរយក្នុងរយៈពេលដូចគ្នា៕