(បរទេស)៖ Bayern Munich បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹងម្ចាស់ផ្ទះ Salzburg ក្នុងជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយនាយប់មិញនេះនៅពានអឺរ៉ុប UEFA Champions League។

កីឡាករ Kingsley Coman ជាអ្នករកបានគ្រាប់តាមស្មើឲ្យក្រុមអាល្លឹម៉ង់ Bayern Munich នៅនាទី៩០ ដ្បិតត្រូវបានម្ចាស់ផ្ទះបើកការនាំមុខតាំងពីវគ្គទី១ មក ក្រោយពេលក្រុមរបស់ Julian Nagelsmann ក៏មានបដារិះគន់ នៅពេលក្រុមកំពូលតារាង Bundesliga បានចាញ់ក្រោមថ្វីជើងរបស់ Bochum ក្នុងលទ្ធផល ៤-២ នោះ។

តែយ៉ាងណា អតីតក្រុមជើងឯក UCL កាលឆ្នាំ២០២០ Bayern Munich ហាក់បីដូចជាលំបាកក្នុងការទទួលជ័យជម្នះ លើម្ចាស់ផ្ទះ Salzburg ណាស់ ដ្បិតពួកគេ (Salzburg) ក្នុងឈុត ១១នាក់ដំបូងមានវ័យត្រឹមតែ ២៣ឆ្នាំ និង ២៤២ថ្ងៃប៉ុណ្ណោះ ដែលបានក្លាយជាក្មេងជាងគេលេងនៅវគ្គចាញ់ធ្លាក់ ១៦ក្រុមចុងក្រោយនេះ។

Bayern Munich ត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena របស់ខ្លួន ដើម្បីទទួលក្រុម Salzburg របស់អូទ្រីសវិញម្តងសម្រាប់ជើងទី២ នារាត្រីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ខាងមុខ ក្រោយពេលពួកគេត្រូវទទួលក្រុមភ្ញៀវ Greuther Furth មកពីបាតតារាងនៅ Bundesliga គ្រាដែល Salzburg នឹងធ្វើជាក្រុមភ្ញៀវរបស់ Wolfsberger ក្នុងលីគរបស់គេនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះដូចគ្នា៕