(បរទេស)៖ ក្រុមហ៊ុន Meta Platforms Inc មេធំរបស់ Facebook បានឱ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនផ្ដល់សេវាកម្ម Startup របស់អាមេរិកដែលមានឈ្មោះថា Kustomer បន្ទាប់ពីទទួលបានការយល់ព្រមពីសហភាពអ៊ឺរ៉ុប (EU)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទៅ១៦ ខែកុម្ភៈ ឆ្នាំ២០២២។

គម្រោងនៃការទិញនេះត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យាពេលដោយសារតែមានការត្រួតពិនិត្យបទប្បញ្ញត្តិ រួមទាំងមានការស៊ើបអង្កេតទាំងមូលពីគណៈកម្មការអឺរ៉ុប ដោយការស៊ើបអង្កេតនេះបានកើតឡើងចំពេលមានការព្រួយបារម្ភថា ការទិញយកក្រុមហ៊ុនតូចៗពីសំណាក់ក្រុមហ៊ុនធំៗ ក្នុងគោលដៅទិញសម្លាប់ចោល ឬទិញដើម្បីឱ្យមានប្រៀបនៅលើទីផ្សារប្រគួតប្រជែង។

Kustomer ដែលបានផ្ដល់សេវាកម្ម និងលក់កម្មវិធី CRM ទៅកាន់ម្ចាស់អាជីវកម្មជាច្រើន ដូច្នេះពួកគេអាចទំនាក់ទំនងជាមួយអ្នកប្រើប្រាស់តាមរយៈទូរស័ព្ទ, អ៊ីម៉ែល, សារជាអក្សរ, WhatsApp, Instagram និង បណ្តាញផ្សេងៗទៀត ដែលវាជាឱកាសមួយសម្រាប់ Facebook ក្នុងការពង្រីកវិសាលភាពនៃកម្មវិធីផ្ញើសារ WhatsApp ជាមួយនឹងអតិថិជនដែល Kustomer និងដើម្បីទាញយកផលប្រយោជន៍ផ្សេងៗបន្ថែមទៀត៕