(ភ្នំពេញ)៖ ផលិតករភាពយន្តកម្ពុជា លោក ប៉ាន់ រិទ្ធី បានធ្វើឲ្យអ្នកស្នេហាវិស័យភាពយន្ត ជាពិសេសប្រជាជនកម្ពុជា មានមោទនភាពយ៉ាងខ្លាំងចំពោះរូបលោក តាមរយៈសមិទ្ធផលជោគជ័យជាបន្តបន្ទាប់របស់លោក ពាក់ព័ន្ធវិស័យភាពយន្ត លើឆាកអន្តរជាតិ។ ជាក់ស្ដែងថ្មីៗនេះ លោក ប៉ាន រិទ្ធី បាននាំយកភាពយន្តថ្មីរបស់ខ្លួន ទៅប្រកួតដណ្តើមពានរង្វាន់ ពីមហោស្រពភាពយន្តលើកទី៧២ នៅទីក្រុងប៊ែរឡាំង រហូតទទួលជោគជ័យ និងទទួលបានពានរង្វាន់ «Best Film» ត្រឡប់មកកាន់មាតុប្រទេសវិញទៀតផង។

តាមរយៈគេហទំព័រ Deadline បានបង្ហាញពីរបាយការណ៍អ្នកឈ្នះពានរង្វាន់ ពីមហោស្រពភាពយន្តលើកទី៧២ នៅទីក្រុងប៊ែរឡាំង នាពេលថ្មីៗនេះ ហើយក្នុងចំណោមនោះ ក៏មានផលិតកកម្ពុជាលោក ប៉ាន់ រិទ្ធី ផងដែរ។ លោក ប៉ាន់ រិទ្ធី បានឈ្នះពានរង្វាន់ «Golden Bear for Best Film: Silver Bear for Outstanding Artistic Contribution» តាមរយៈខ្សែភាពយន្តចំណងជើងថា «Everything Will Be OK»

មហោស្រពភាពយន្តលើកទី៧២ នៅទីក្រុងប៊ែរឡាំង  ឆ្នាំ២០២២ នេះ គឺត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ងាកមក រឿង «Everything Will Be OK» ដែលនាំឲ្យបរទេសស្គាល់កាន់តែច្បាស់ ពីសមត្ថភាពផលិតករកម្ពុជាកាន់តែច្រើននោះ គឺជាភាពយន្តបែបស្រមើស្រមៃ ហើយវាជាភាពយន្តមួយក្នុងចំណោមភាពយន្ត អាស៊ីអាគ្នេយ៍ចំនួនពីរ ដែលបានចូលរួមប្រកួតដណ្ដើមយកពាន ពីកម្មវិធីមហោស្រពនេះ។

ភាពយន្ត «Everything Will Be OK» និយាយអំពីពិភពលោកនៅពេលដែលសត្វក្លាយជាអ្នកគ្រប់គ្រង ហើយរឿងនេះបានរំលេចនូវសំណួរជាច្រើនអំពីសត្វថា តើសត្វនឹងស៊ីអាហារហួសប្រមាណដែរឬទេ? តើពួកវានឹងគាបសង្កត់សត្វដែលនៅជុំវិញដែរឬទេ? ហើយតើពួកវានឹងដោះស្រាយជាមួយមនុស្សលោក ដែលជាអ្នកគ្រប់គ្រងអំណាចជំនាន់មុន ដោយរបៀបណា? ដូចភាពយន្ត «The Missing Picture» របស់លោកដែលបានចូលរួមប្រកួតកម្មវិធីពានរង្វាន់អូស្កា កាលពីឆ្នាំ២០១៤ គឺភាពយន្តនេះត្រូវបានសម្ដែងដោយតួអង្គជារូបសូនពីដីឥដ្ឋ។

គួរជម្រាបថា អ្នកនិពន្ធកម្ពុជាលោក ប៉ាន់ រិទ្ធី វ័យ៥៧ឆ្នាំ កន្លងមកទទួលបានការកោតសរសើរ និងគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅស្រុក ខណៈរាល់ស្នាដៃភាពយន្តដែលលោកផលិតឡើង គឺសុទ្ធសឹងតែមានភាពលេចធ្លោរ និងទទួលការពេញចិត្ត។ ជាក់ស្តែង លោកទទួលបានការកោតសរសើរផងដែរ តាមរយៈភាពយន្តឯកសាររបស់លោក ដែលរៀបរាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ទសវត្សរ៍ឆ្នាំ១៩៧០ ដែលមានបញ្ចូលការតស៊ូក្នុងជីវិតលោកផ្ទាល់ ពោលគឺការមើលថែឪពុកម្តាយ បងប្អូនបង្កើត និងគ្រួសារអត់ឃ្លាន និងពលកម្មដោយបង្ខំ មុនពេលលោករត់ទៅប្រទេសថៃ ហើយក្រោយមកទៅនៅប្រទេសបារាំង ដែលជាទីកន្លែងលោកបានស្វែងយល់ពីការផលិតភាពយន្ត៕