(សៀមរាប)៖ ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានប្រគល់សម្ភារៈមួយចំនួនដល់ភ្ញៀវទេសចរដែលបានភ្លេច ឬជ្រុះនៅតាមតំបន់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ សម្ភារៈដែលបានប្រគល់ជូនមានដូចជាកាបូបប្រាក់ ទូរសព្ទដៃ អត្តសញ្ញាណប័ណ្ណ កាតចាក់វ៉ាក់សាំង និងប្រាក់មួយចំនួន។
គួរបញ្ជាក់ថា ជារឿយៗភ្នាក់ងារទេសចរណ៍តែងតែរើសបាននូវសម្ភារៈ ឬរបស់របរមួយចំនួនដែលភ្ញៀវទេសចរបានជ្រុះ ឬភ្លេចនៅតាមប្រាសាទនានា។ នៅពេលបានឃើញរបស់ជ្រុះ ឬភ្លេច ភ្នាក់ងារទេសចរណ៍សហការជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ ដើម្បីស្វែងរកម្ចាស់របស់របរទាំងនោះ និងតែងតែបានប្រគល់របស់របរទាំងនោះជូនទៅម្ចាស់ដើមវិញ៕