(ភ្នំពេញ)៖ ពិព័រណ៍ផលិតផលខ្មែរ ដែលរៀបចំដោយ Beyond Retail Business Cambodia (B.R.B Cambodia) ឈានដល់សប្តាហ៍ចុងក្រោយ ដែលធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង សែនសុខ នៅចុងសប្តាហ៍នេះ ថ្ងៃទី១៩ និងទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ពិព័រណ៍ផលិតផលខ្មែរ ទទួលបានការគាំទ្រពីសំណាក់សាធារណជន ដែល B.R.B Cambodia រៀបចំឡើង ចាប់តាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ២សប្តាហ៍ជាប់គ្នារួចទៅហើយ។

នៅសប្តាហ៍នេះ ពិព័រណ៍ផលិតផលខ្មែរ ប្រមូលផ្ដុំការបង្ហាញផលិតផលជាច្រើនប្រភេទ ដូចជា ផលិតផល សុខុមាលភាព ផលិតផលម្ហូប អាហារ ផលិតផលតុបតែងផ្ទះ ផលិតផលម៉ូដ និងគ្រឿងតុបតែង ដែលសុទ្ធសឹងជាផលិតផលខ្មែរពិតៗ បង្កើតឡើងដោយសិប្បករក្នុងស្រុក។

បើតាមប្រសាសន៍ លោក ឌែននី សុទ្ធាបញ្ញា ស៊ីម ដែលជាប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃក្រុមហ៊ុនជីបម៉ុងរីថែល បានឲ្យដឹងថា «មានផលិតផលខ្មែរជាច្រើន ដែលយើងចង់ណែនាំដល់អតិថិជន ហើយនៅពេលនេះ គឺជាពេលវេលាដ៏ល្អដែលពិព័រណ៍ខ្មែរ នាំយកផលិតផលជាច្រើន ជាជម្រើសសំរាប់អតិថិជន ព្រមទាំងគាំទ្រសិប្បករក្នុងស្រុក»

លោកបន្ដទៀតថា ផ្សារទំនើប ជីប ម៉ុង គឺជាផ្សារទំនើបរបស់ខ្មែរ ដែលមានបេសកម្មក្នុងការនាំយកផលិតផលមានគុណភាព និងសេវាកម្មល្អ ជូនអតិថិជន។ យើងនឹងមានកម្មវិធីល្អៗបែបនេះទៀត នៅក្នុងផ្សារទំនើបរបស់យើងខ្ញុំ នាពេលអនាគត»។

ពិព័រណ៍ផលិតផលខ្មែរ ដែលរៀបចំដោយ B.R.B Cambodia ធ្លាប់រៀបចំជាច្រើនដងនៅក្នុងខេត្តសៀមរាប ហើយថ្មីៗក៏រៀបចំ នៅរាជធានីភ្នំពេញ ដែលទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ ដោយសារតែសាធារណជនបានមកទស្សនា រួមទាំងទិញទំនិញនៅទីនេះ ចំណែកអ្នកខ្លះទៀតក៏លាន់មាត់សសើរអំពីផលិតផលល្អៗរបស់ខ្មែរ និងភ្ញាក់ផ្អើលនៅពេលដែល គាត់បានទស្សនា ស្តង់ផលិតផលផ្សេងៗទៀត។ ពួកគាត់សង្ឃឹមថានឹងមាន ពិព័រណ៍បែបនេះបន្តទៀត។

បើតាមប្រសាសន៍លោក Pierre-Andre Romano – Co-CEO របស់ B.R.B Cambodia បានឲ្យដឹងថា «សម្រាប់កម្មវិធីបន្ទាប់ យើងខ្ញុំចង់លើកកម្ពស់ការយល់ដឹងបន្ថែមអំពីផលិតផលក្នុងស្រុក និងវត្ថុសិល្បៈដែលធ្វើដោយអ្នក ដែលមានជំនាញ និងទេពកោសល្យ តាមរយៈការបង្កើតយុទ្ធនាការផ្សព្វផ្សាយ និងបង្កើតពិព័រណ៍ជាទៀងទាត់បន្ថែមទៀត។ គោលបំណងចម្បងរបស់យើងនៅពេលនេះ គឺបង្កើនការដាក់បង្ហាញឲ្យបានច្រើន និងការនាំចូលទៅកាន់ទីផ្សារតូចៗក្នុងស្រុក»

សូមបញ្ជាក់ថា កម្មវិធីនេះមានការគាំទ្រខ្លាំង ពី អង្គរ ប៉ាវីស, ក្រុមហ៊ុន ជីប ម៉ុង រីថែល និង ធនាគារ ជីប ម៉ុង រួមទាំងសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលគាំទ្រផលិតផលខ្មែរ។ ពិព័រណ៍ផលិតផលខ្មែរ ទទួលបានភាពជោគជ័យ ក្នុងការរៀបចំនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ហើយនឹងបន្តនាពេលអនាគតនៅតាមបណ្តាខេត្តនិងក្រុងផ្សេងៗ។

សូមសាធារណជន ចូលរួមគាំទ្រឲ្យបានច្រើន នៅសប្តាហ៍ចុងក្រោយ នៃការតាំងពិព័រណ៍នេះ ថ្ងៃទី១៩ និងទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលស្ថិតនៅ តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី៕

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

https://www.facebook.com/BRBCambodia 
https://www.facebook.com/chipmongnoromall 
https://www.facebook.com/chipmongsensok