(ដូហា)៖ នៅទីបំផុត កីឡាករវាយកូនបាល់ទោល Andy Murray បានជ្រុះចេញពីព្រឹត្តិការណ៍ Qatar Open 2022 នៅប្រទេសកាតាជាផ្លូវការហើយ នៅពេលបរាជ័យក្រោមកណ្តាប់ដៃរបស់គូប្រជែង Roberto Bautista Agut ត្រឹមជុំទី២ នាយប់មិញនេះ។

នេះគឺជាការជ្រុះចេញដ៏លឿនលើកដំបូងរបស់អតីតជើងខ្លាំងលំដាប់លេខ១ ពិភពលោក Murray គិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ មក ដ្បិតកីឡាករវ័យ ៣៤ឆ្នាំខាងលើនេះទើបតែរកបានជ័យជម្នះម្តងគត់នៅ Qatar Open ក្នុងទីក្រុង Doha គិតចាប់តាំងពីជ្រុះចេញពី Australian Open នៅប្រទេសអូស្រា្តលីនោះ។

កីឡាករអន្តរជាតិអេស្ប៉ាញ Agut បានប្រកួតឈ្នះ Murray ក្នុងលទ្ធផល ២-០ ក្នុងលំដាប់ពិន្ទុ ៦-០ និង ៦-១ គ្រាដែលរូបគេ (Agut) ក៏ធ្លាប់ចាញ់កណ្តាប់ដៃរបស់កីឡាករអង់គ្លេសម្តងដែរកាលឆ្នាំ២០១៩។

ដូចគ្នានោះដែរ មិត្តរួមជាតិ Briton Dan Evans ក៏បានជ្រុះចេញពី Qatar Open 2022 ដូច Murray ពីក្នុងវគ្គ ១៦នាក់ចុងក្រោយ នៅពេលប្រកួតចាញ់កីឡាករអេស្ប៉ាញ Alejandro Davidovich Fokina ក្នុងលទ្ធផល ២-១ ក្នុងលំដាប់ពិន្ទុ ៤-៦ ៧-៥ និង ៦-៤៕