(អាមេរិក)៖ គេហទំព័រលក់ទំនិញអនឡាញដែលដំណើរការដោយក្រុមហ៊ុនចិន Tencent Holdings Ltd និង Alibaba Group Holding Ltd ត្រូវបានបញ្ចូលក្នុងបញ្ជី «ទីផ្សារដ៏ល្បី» ចុងក្រោយបង្អស់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមបទចោទប្រកាន់ថាបានលក់ ឬជួយសម្របសម្រួលការលក់ទំនិញក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២។

យោងតាមការបញ្ជាក់ពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា មូលហេតុដែលនាំឱ្យបញ្ចូលគេហទំព័រទំនិញអនឡាញទាំងនោះចូលក្នុងបញ្ជី «ទីផ្សារដ៏ល្បី» ឬបញ្ជីខ្មៅ ដោយសារ តែ បានរកឃើញថា គេហទំព័រទាំងនោះបានលក់នូវទំនិញក្លែងក្លាយ ទំនិញគ្មានកម្មសិទ្ធិបញ្ញា ដែលនាំឱ្យប៉ះពាល់ប្រយោជន៍ អតិថិជន។

តាមការបញ្ជាក់គឺមានគេហទំព័ររហូតដល់ ៧៧ ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីខ្មៅ ដោយក្នុងនោះក៏មាន AliExpress, WeChat e-commerce, Baidu Wangpan, DHGate, Pinduoduo និង Taobao ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ Alibaba បាននិយាយថា ខ្លួននឹងបន្តធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាល ដើម្បីដោះស្រាយកង្វល់ក្នុងការការពារកម្មសិទ្ធិបញ្ញានៅទូទាំងវេទិការបស់ខ្លួន។

ការដាក់ចេញវិធានការថ្មីនេះ វាបានបង្ហាញពីភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើងផ្នែក ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលត្រូវបានគេដឹងថា បានកើតមានឡើងអស់ជាច្រើនឆ្នាំមកហើយ ជុំវិញបញ្ហាដូចជាពន្ធគយ បច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញាជាដើម៕