(សេនហ្វ្រេនស៊ីស្កូ)៖ ក្រុមហ៊ុន Tesla Inc ត្រូវបានប្តឹងជុំវិញការចោទប្រកាន់នៅក្នុងឧប្បត្តិហេតុមួយដែលបានសម្លាប់អ្នកបើកបរ និង អ្នករួមដំណើរ នៅរដ្ឋផ្លរីដាកាលពីឆ្នាំមុន ហើយជុំវិញពាក្យបណ្តឹងនេះ ត្រូវបានផ្អាកមិនឱ្យមានដំណើរការក្នុងការផលិត និងបានជម្រុញឱ្យមានការស៊ើបអង្កេតសហព័ន្ធ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

រថយន្ត Model 3 ស៊េរីឆ្នាំ ២០២១ «តម្រូវឱ្យមានការផ្អាកការប្រើប្រាស់ទាក់ទងទៅនឹងបញ្ហាដំណើរការរថយន្ត ដោយមើលទៅមានហេតុផលមិនសមមួយចំនួន ដែលអាចបណ្តាលឱ្យមានគ្រោះថា្នក់ក្នុងកំឡុងពេលបើកបរជាយថាហេតុ» នេះបើតាមពាក្យបណ្ដឹងដែលបានដាក់ដោយក្រុមគ្រួសារអ្នកបើកបរដែលបានជួបឧប្បត្តិហេតុ នៅតុលាការរដ្ឋផ្លរីដា កាលពីសប្ដាហ៍មុន។

យោងតាមពាក្យបណ្តឹងបានឱ្យដឹងថា ៤ថ្ងៃមុនគ្រោះថ្នាក់នោះកើតឡើងនៅក្នុងខែកញ្ញា អ្នកបើកបរឈ្មោះ Nicholas G. Garcia បានយករថយន្តទៅជួសជុលនៅកន្លែងរបស់ Tesla ដោយសារតែជួបនូវបញ្ហាដំណើរការជាមួយនឹង ប្រព័ន្ធគ្រប់គ្រង/ចង្កូតរថយន្ត, សំបកកង់រថយន្ត, អាគុយ, ប្រព័ន្ធអេឡិចត្រូនិចក្នុងរថយន្ត និង សមត្ថភាពក្នុងការបើកទ្វារថយន្ត។

ពាក្យបណ្តឹងខាងលើនេះគឺបានចោទប្រកាន់ទៅដល់អ្នកគ្រប់គ្រងសេវាកម្មថា «ធ្វេសប្រហែស» ក្នុងការត្រួតពិនិត្យដែលបណ្តាលឱ្យមានផលប៉ះពាល់បែបនេះ ហើយក៏បានទាមទារសំណងជាង ៣០,០០០ដុល្លារអាមេរិកពីក្រុមហ៊ុន Tesla និងអ្នកគ្រប់គ្រងសេវាកម្ម។ ដោយឡែកចំពោះករណីនេះក្រុមប្រឹក្សាភិបាលសុវត្ថិភាពដឹកជញ្ជូនជាតិ ដែលកំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ បានលើកឡើងនៅក្នុងរបាយការណ៍បឋមមួយកាលពីខែវិច្ឆិកាថា រថយន្តបានបើកបរក្នុងល្បើនលឿនបានជ្រុលទៅបុកដើមឈើ ២ដើមបណ្តាលឱ្យឆាបឆេះតែម្តង។

កាលពីខែតុលាកន្លងទៅក្រុមហ៊ុន Tesla បានប្រមូលរថយន្តប្រហែល ៣,០០០គ្រឿង Model Y ស៊េរីឆ្នាំ ២០២០-២០២១ និង Model 3 ស៊េរីឆ្នាំ ២០១៩-២០២០ នៅសហរដ្ឋអាមេរិកជុំវិញបញ្ហានៃដំណើរការរថយន្ត។ ទន្ទឹមគ្នានេះដែរ នៅក្នុងកំឡុងឆ្នាំ ២០២០កន្លងទៅរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេរបស់សហរដ្ឋក៏បានបើកការស៊ើបអង្កេតលើរថយន្ត Model S និង Model X ប្រហែល ១១៥,០០០គ្រឿងផងដែរ ជុំវិញបញ្ហាសុវត្ថិភាពនៃដំណើរការរថយន្តផ្នែកខាងមុខ៕