(ភ្នំពេញ)៖ ក្រុមហ៊ុន អ៉ិនធឺណិត អនឡាញ (កូហ្សេតែល) បានរៀបចំវគ្គចែករំលែកលើកដំបូងរបស់ខ្លួន ស្តីពីប្រធានបទ «ភាពទូទៅនៃការប្រើប្រាស់អ៉ិនធឺណិត, ឧបករណ៍ដែលជាតម្រូវការក្នុងប្រើប្រាស់អ៉ិនធឺណិត រួមទាំងសុវត្ថិភាពលើការប្រើប្រាស់អ៉ិនធឺណិត» នៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។

កម្មវិធីដែលបានធ្វើឡើងក្នុងសប្តាហ៍នេះ គឺជាផ្នែកមួយនៃការបន្តសកម្មភាពដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម (CSR) របស់ក្រុមហ៊ុន អ៉ិនធឺណិត អនឡាញ (កូហ្សេតែល)។

ក្រុមហ៊ុន អ៉ិនធឺណិត អនឡាញ (កូហ្សេតែល) ជឿជាក់ថា សិស្សានុសិស្សដែលបានចូលរួម នឹងអាចមានភាពម្ចាស់ការលើការប្រើប្រាស់អ៉ិនធឺណិតរបស់ពួកគេ ខណៈពេលដែលចំនួនអ្នកប្រើប្រាស់អ៉ិនធឺណិត ក្នុងប្រទេសកម្ពុជា មានការកើនឡើង។ ក្រុមហ៊ុន កូហ្សេតែល មានចក្ខុវិស័យក្នុងការសហការ ជាមួយអង្គការ PSE ក៏ដូចជាបណ្តាសិស្សានុសិស្សដទៃទៀត លើវគ្គចែករំលែកចំណេះដឹងផ្សេងៗ ដែលនឹងគ្រោងទុកនាពេលខាងមុខ។

គិតត្រឹមខែតុលា ឆ្នាំ២០២១ អ្នកប្រើប្រាស់ អ៉ិនធឺណិត ចល័ត(Mobile Internet) មានចំនួន ១៧,២០៧,១៧០នាក់ ខណៈដែលអ្នកប្រើប្រាស់ អ៉ិនធឺណិត អចល័ត(Fixed Internet) មានចំនួន ៣២៧,១៨៨នាក់។ នេះបើតាមរបាយការណ៍ របស់និយ័តករទូរគមនាគមន៍កម្ពុជា (TRC)

គោលបំណងនៃក្រុមហ៊ុន អ៉ិនធឺណិត អនឡាញ (កូហ្សេតែល) គឺដើម្បីចូលរួមក្នុងការងារសង្គមផង និងដើម្បីផ្តល់ចំណេះដឹងបន្ថែមដល់សិស្សានុសិស្សជំនាន់ថ្មីផង ឲ្យពួកគាត់ស្វែងយល់កាន់តែខ្លាំង ទាក់ទងនឹងគុណប្រយោជន៍ និងគុណវិបត្តិនៃការប្រើប្រាស់អ៉ិនធឺណិត ពោលគឺឲ្យចំគោលដៅសម្រាប់ការសិក្សា ស្របពេលដែលចំនួនអ្នកប្រើប្រាស់អ៉ិនធឺណិត ក្នុងប្រទេសកម្ពុជា មានការកើនឡើងបែបនេះ។

សូមជម្រាបថា ក្រុមហ៊ុន អ៉ិនធឺណិត អនឡាញ (កូហ្សេតែល) គឺជាក្រុមហ៊ុនផ្តល់សេវាអ៉ិនធឺណិត (ISP) ឈានមុខគេរបស់កម្ពុជា ដែលបង្កើតឡើងជាង ២០ឆ្នាំក្នុងការបម្រើទីផ្សារ។ ក្រុមហ៊ុននេះ ផ្តល់ជូននូវដំណោះស្រាយអ៉ិនធឺណិត និងទំនាក់ទំនងប្រកបដោយគុណភាពខ្ពស់សម្រាប់អតិថិជនតាមគេហដ្ឋាន អាជីវកម្ម និងសាជីវកម្ម។ កូហ្សេតែល កំពុងធ្វើពាណិជ្ជកម្មក្រោមឈ្មោះយីហោ «អនឡាញ»

ចំណែកឯ អំពីអង្គការដើម្បីភាពញញឹមនៃកុមារ គឺជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ នៅក្នុងប្រទេសកម្ពុជា។ បេសកកម្មរបស់ អំពីអង្គការដើម្បីភាពញញឹមនៃកុមារ គឺជួយកុមារក្រីក្របំផុតឱ្យរួចផុតពីភាពអត់ឃ្លាន ហើយនាំពួកគេទៅរកការងារសមរម្យមានជំនាញ និងទទួលបានប្រាក់ខែសមរម្យ៕