(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា កាន់តែខិតជិតដល់តំបន់សុវត្ថិភាព ក្នុងការឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U23 Championship 2022 ក្រោយយកឈ្នះក្រុម U23 ហ្វីលីពីន ដោយលទ្ធផល ១-០ នៅចុងម៉ោងក្នុងប្រកួតទី២ នៃពូល A ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោកាលពីយប់មិញ។

ក្រោយចប់ការប្រកួតខាងលើ គ្រូបង្វឹកក្រុមទាំងពីរសុទ្ធតែចាត់ទុកការប្រកួតនេះ គឺជាជំនួបដ៏តានតឹង ក្នុងនោះគ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជា លោក Ryu Hirose បានលើកឡើងថា «វាជាការប្រកួតដ៏ស្វិតស្វាញ ប៉ុន្ដែវាជាការធ្វើបានប្រសើរឡើងមួយកម្រិតទៀតពីការប្រកួតជាមួយប្រ៊ុយណេ។ កីឡាករបានប្រឈមមុខនឹងស្ថានភាពដ៏លំបាក ហើយពួកគេបានទទួលផលពីវា ដែលជានេះជាសញ្ញាដ៏ល្អសម្រាប់អនាគត»។

ចំណែកលោក Stewart Hall គ្រូបង្វឹកក្រុម U23 ហ្វីលីពីន បានសម្ដែងនូវការសោកស្ដាយជាខ្លាំង ដោយលោកបានលើកឡើងថា «បញ្ហាកម្លាំងកាយសម្បទាតែងតែមានបញ្ហា។ កីឡាករមួយចំនួន មិនបានលេងមួយរយៈមកហើយនៅក្នុងដំណាក់កាលបិទការប្រកួត។ ប៉ុន្ដែកីឡាករបានធ្វើការយ៉ាងខ្លាំងក្នុងការប្រកួតយប់នេះ គ្រាន់តែកាយសម្បទារបស់ពួកយើងមិនទាន់ដល់កម្រិតនៅឡើយក្នុងការប្រកួត»។

សូមបញ្ជាក់ថា ប្រកួតទី២ ក្នុងពូល A របស់ក្រុមគោព្រៃកម្ពុជា បានរង់ចាំដល់នាទី៨១ ទើបមានគ្រាប់បាល់កើតឡើង បន្ទាប់ពីខ្សែបម្រើវ័យក្មេងជាងគេ ស៊ិន សុវណ្ណមករា ស៊ុតបញ្ចប់ទីយ៉ាងល្អចំពោះមុខអ្នកគាំទ្រជាង ១៧,០០០នាក់ជួយឲ្យក្រុម U23 កម្ពុជា យកឈ្នះក្រុម U23 ហ្វីលីពីន ១-០៕