(អាមេរិក)៖ បណ្ឌិត្យសភាចលនាសិល្បៈ និងវិទ្យាសាស្ត្រ (The Academy of Motion Picture Arts and Sciences) បានចេញសេចក្តីសម្រេចសម្រាប់កម្មវិធីពានរង្វាន់ Oscars លើកទី៩៤ ដែលនឹងចូលមកដល់នៅខែមីនា ខាងមុខនេះ ខណៈអ្នកចូលរួមទាំងអស់ត្រូវបង្ហាញភស្តុតាងចាក់វ៉ាក់សាំង និងមានលទ្ធផលតេស្តអវិជ្ជមានយ៉ាងហោចណាស់ពីរដង ដោយម៉ាស៉ីន PCR។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

ទោះជាបែបនេះក្តី សម្រាប់ក្រុមតារាចម្រៀង និងអ្នកតំណាងវិស័យឧស្សហ៍កម្មភាពយន្ត ដែលមានតំណែងខ្ពស់ៗ គឺមិនតម្រូវឲ្យបង្ហាញកាតចាក់វ៉ាក់សាំងឡើយ ប៉ុន្តែត្រូវឲ្យធ្វើតេស្តរកកូវីដ-១៩ ម៉ាស៉ីន PCR។ សម្រាប់ការពាក់របាំងមុខការងារវិញ គឺមានការប្រែប្រួលទៅតាមបុគ្គលដែលចូលរួមកម្មវិធីនេះផ្ទាល់ នៅថ្ងៃប្រាព្ធពិធី ដែលនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា នៅទីតាំង Dolby Theatre តំបន់ Hollywood។ បើនិយាយទៅ អ្នកដែលត្រូវទទួលពានរង្វាន់ និងភ្ញៀវដែលចូលរួម មិនតម្រូវឲ្យពាក់ម៉ាស់ឡើយ ប៉ុន្តែកន្លែងអង្គុយ គឺត្រូវបានរៀបចំឡើងឆ្ងាយៗពីគ្នា។ នេះបើតាមការបញ្ជាក់ពីប្រភព។

គួរជម្រាបថា កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំបំផុតនៅអាមេរិក Oscar Award ត្រូវបានគេមើលឃើញថា នៅតែព្យាយាមធ្វើឡើង ដោយភ្ជាប់ជាមួយវិធានការរឹតត្បិតនានា ដើម្បីបង្ការការរីករាលដាលកូវីដ-១៩ ខណៈកាលពីឆ្នាំ២០២១កន្លងទៅ កម្មវិធីនេះក៏ត្រូវបានរៀបចំឡើងផងដែរ ទោះមានការលំបាកមួយចំនួនបង្ករដោយជំងឺរាតត្បាតក្តី៕