(សៀមរាប)៖ វង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធត្រូវបានគិតគូររៀបចំក្នុងគោលបំណងលើកស្ទួយតម្លៃនៃប្រាសាទជាស្នាដៃក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលតាំងទីនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ជ័យតដាក (បារាយណ៍ខាងជើង) ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ទស្សនាថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។

លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរបានលើកឡើងថា ខ្សែទស្សនាថ្មីនៅប្រាសាទនាគព័ន្ធនេះគ្រោងរៀបចំជា៣ប្រភេទ ដែលក្នុងនោះមានខ្សែទស្សនាក្នុងប្រាសាទនឹងនាំភ្ញៀវទេសចរឱ្យដើរទស្សនាបានគ្រប់ជ្រុងទាំង៤នៃប្រាសាទរាងកាកបាទនេះ ព្រមទាំងអាចផ្តិតយករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ និងខ្សែទស្សនាក្រៅប្រាសាទជាខ្សែទស្សនាថ្មីដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរាចំណាយពេលសិក្សាស្រាវជ្រាវ និងរៀបចំ។ ខ្សែទស្សនានេះនឹងអនុញ្ញាតឱ្យទេសចរអាចស្វែងយល់ពីរចនាសម្ពន្ធនៃកោះដែលមានប្រាសាទនៅកណ្តាល ព្រមទាំងទេសភាពធម្មជាតិ និងសត្វដែលមានវត្តមាននៅទីនេះបូករួមទាំងការទស្សនាប្រាសាទផងដែរ។ ខ្សែទស្សនាសម្រាប់ទេសចរជិះទូក ក្នុងបំណងលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់អង្គរ និងការគិតគូរពីបរិស្ថាន ខ្សែទស្សនាពិសេសមួយដែលមិនត្រឹមតែជួយជ្រោមជ្រែងសកម្មភាពសហគមន៍ទេសចរណ៍ទូកនោះទេ គឺថែមទាំងធ្វើឱ្យប្រាសាទមានជីវិតរស់ឡើងវិញផងដែរ។ ត្រង់ចំណុចនេះបានន័យថា ផែខាងកើត និងខាងលិចនៃប្រាសាទនាគព័ន្ធនឹងត្រូវមានដំណើរការម្តងទៀត ព្រោះថាភ្ញៀវទេសចរនឹងចាប់ផ្តើមការទស្សនាដោយជិះទូកចេញពីផែនៅខាងកើតប្រាសាទព្រះខ័ន មកឈប់ចតនៅផែខាងលិចនៃនាគព័ន្ធ ដើម្បីឡើងទៅចាប់ផ្តើមការដើរទស្សនាប្រាសាទ រួចចាកចេញពីប្រាសាទតាមផែខាងកើតវិញ ដើម្បីបន្តដំណើរដោយទូកទៅសួនបណ្តុះកូនរុក្ខជាតិក្រាំងក្រូច និងប្រាសាទតាសោម។

លោក សេង សុធារ៉ា ក៏បានបញ្ជាក់ថា ភ្ញៀវទេសចរដែលជាជនពិការជិះលើរទេះរុញ ក៏ត្រូវបានគិតគូរផ្លូវទស្សនាជូនប្រកបដោយសុវត្ថិភាព អាចគយគន់ និងផ្តិតយករូបភាពប្រាសាទបានដែរ។

យ៉ាងណាមិញ សំណើខ្សែទស្សនាខាងលើនឹងត្រូវដាក់ជូនអ្នកជំនាញការ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាពិនិត្យ និងវាយតម្លៃ អនុម័ត មុននឹងឈានទៅដាក់ដំណើរការ ក្រោយពេលស្ពានប្រាសាទនាគព័ន្ធត្រូវបានស្ថាបនារួច៕