(មេនឆេស្ទើ)៖ នៅទីបំផុតកីឡាករខ្សែការពារ Kyle Walker នឹងបន្តអវត្តមានចំនួន ២ប្រកួតពីក្លិបមេឃខៀវ Manchester City លេងក្នុងពានអឺរ៉ុប Champions League នៅពេលចាញ់ក្តីជាមួយ UEFA រឿងពិន័យកាតក្រហមថ្ងៃមុន។
កីឡាករអន្តរជាតិអង់គ្លេស វ័យ ៣១ឆ្នាំខាងលើនេះ ត្រូវបានបញ្ឈរជើង ១ប្រកួតហើយ នៅពេល City បំបាក់ម្ចាស់ផ្ទះ Sporting Lisbon ក្នុងលទ្ធផល ៥-០ សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ នៅឡើយ ២ប្រកួតទៀតក្នុងជើងទី២ នៅទឹកដី Etihad និងជើងទី១ នៃវគ្គ ៨ក្រុមក្នុងជើងទី១ ផងដែរ។
នៅចាំបានថា Walker ត្រូវបានពិន័យកាតក្រហម និងបញ្ចេញពីទីលានប្រកួតផងដែរនៅទឹកដីអាល្លឺម៉ង់ ពេលចាញ់ក្រុម RB Leipzig នៅថ្ងៃប្រកួតបិទពូលនាខែធ្នូ ឆ្នាំ២០២១ នៃ UCL ដែលធ្វើឲ្យកីឡាករ និងក្លិបមានការខឹងសម្បារជាខ្លាំងដល់ថ្នាក់ប្តឹង UEFA ថាជារឿងអយុត្តិធម៌។
ក្នុងប្រកួតនោះដែរ Kyle Walker បានបង្កកំហុសទៅលើកីឡាករ Andre Silva របស់ Leipzig រហូតដល់អាជ្ញាកណ្តាលដកកាតក្រហមតែម្តង៕