(ភ្នំពេញ)៖ ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group), ក្រុមហ៊ុន Z1 Financial, ក្រុមហ៊ុន Century 21 Fortuna Investment, ក្រុមហ៊ុន Mercan Group និងក្រុមហ៊ុន Mercadia Cambodia នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចកិច្ចសហការ ដើម្បីបង្កើតឱកាសវិនិយោគថ្មីៗ ជំរុញការវិនិយោគអចលនទ្រព្យរវាងប្រទេសកម្ពុជា ប្រទេសកាណាដា និងប្រទេសព័រទុយហ្គាល់។

កិច្ចសហកានេះក៏នឹងរួមចំណែកដ៏សំខាន់ ក្នុងការបង្កើនភាពទាក់ទាញអ្នកវិនិយោគ ពីប្រទេសសមាជិកសហគមន៍អ៊ឺរ៉ុប មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុនទាំងប្រាំបានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នានារសៀលថ្ងៃទី ១៨ កុម្ភៈនេះ នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ដែលមានការចូលរួមចុះហត្ថលេខាដោយលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillennium Co., Ltd, លោក សាយ សុខហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Financial, លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment, លោក Jerry Morgan ស្ថាបនិកនិងអគ្គនាយកក្រុមហ៊ុន Mercan Group និងអ្នកនាង Jasmine Dang អគ្គនាយកក្រុមហ៊ុន Mercadia Cambodia ប្រចាំប្រទេសកម្ពុជា និងប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នាពេលនេះនឹងក្លាយជាការត្រួសត្រាយផ្លូវដ៏សំខាន់ រវាងក្រុមហ៊ុនទាំងប្រាំ ក្នុងការសហការពាំនាំនូវឱកាសវិនិយោគថ្មីៗ សម្រាប់ប្រជាជនកម្ពុជា ដែលមានលទ្ធភាពទិញអចលនទ្រព្យ នៅប្រទេសព័រទុយហ្គាល់ និងការទទួលបានអត្ថប្រយោជន៍ជាច្រើន ពីការវិនិយោគនៅទីនោះ។ ហើយកិច្ចសហការនេះក៏នឹងជំរុញឱ្យមានការកៀរគរទុនវិនិយោគិនពីប្រទេស កាណាដា និងប្រទេសព័រទុយហ្គាល់ មកបោះទុនវិនិយោគ ក្នុងគម្រោងអចលនទ្រព្យនៅកម្ពុជាផងដែរ។

លោក Jerry Morgan ស្ថាបនិកក្រុមហ៊ុន Mercan Group បានលើកឡើងថា អ្នកវិនិយោគនៅកម្ពុជា អាចចូលរួមវិនិយោគជាមួយគម្រោងរបស់លោកតាមរយៈក្រុមហ៊ុន Century 21 Fortuna Investment ដែលជាដៃគូរសហការយុទ្ធសាស្រ្ត ដើម្បីទទួលបានការវិនិយោគប្រកបដោយសុវត្ថិភាព និងផលចំណេញល្អ។

លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Mercan Group មានគម្រោងវិនិយោគ ៤០ គម្រោងនៅសហរដ្ឋអាមេរិក និង១៥គម្រោងទៀត នៅប្រទេសព័រទុយហ្គាល់។

លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានលើកឡើងថា ប្រទេសព័រទុយហ្គាល់ មិនត្រឹមតែមានសក្តានុព សម្រាប់ការវិនិយោគប៉ុណ្ណោះទេ តែក៏មានអំណោយផលល្អ សម្រាប់ការរស់នៅផងដែរ ដោយសារប្រទេសនេះមានសុវត្ថិភាពខ្ពស់ ប្រព័ន្ធសុខាភិបាលទំនើប ថែមទាំងជាប្រទេស មានការចាយវាយសមរម្យបំផុតក្នុងតំបន់អ៊ឺរ៉ុប ដែលទំនិញ និងសេវាកម្មជាច្រើន មានតម្លៃប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដែរ។

លោកវ៉ា វីរៈ ជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិដំបូងគេនៅកម្ពុជា ដែលបានទទួលស្គាល់ជាអន្តរជាតិ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការសម្របសម្រូលប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅក្រៅប្រទេស ជាពិសេសប្រទេសព័រទុយហ្គាល់ ការណាដា និងសហរដ្ឋអាមេរិក។

លោកថ្លែងថា៖ «ការទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ គ្រាន់តែមានប្រាក់កក់ ៣០ ភាគរយប៉ុណ្ណោះ និងអាចទទួលបានទំហំកម្ចី ៧០ ភាគរយ នៃតម្លៃទ្រព្យ ជាមួយអត្រាការប្រាក់ត្រឹម ១,២ ភាគរយ ក្នុងមួយឆ្នាំ។ លោកបន្ថែមថា៖ «កិច្ចសហនាពេលនេះ នឹងបង្កលក្ខណៈងាយស្រួលផងដែរ ដល់អ្នកវិនិយោគនៅកម្ពុជាក្នុងការរកដៃគូរសហការជាមួយអ្នកវិនិយោគបរទេស ដើម្បីមកបណ្តាក់ទុនវិនិយោគវិស័យសក្តានុពផ្សេងៗនៅកម្ពុជា»។

ការជំរុញឱ្យមានការវិនិយោគពីបរទេស ពីវិស័យឯកជន គឺជាការឆ្លើយតបទៅនឹងការដាក់ចេញនូវគោលនយោបាយ របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសច្បាប់វិនិយោគថ្មី ដែលទើបបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីពេលថ្មីនេះ សំដៅ ទក់ទាញការវិនិយោគពីបរទេសនៅកម្ពុជា ដើម្បីជួយពន្លឿនសេដ្ឋកិច្ចជាតិ។

ទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចាក់បញ្ជូលទៅក្នុងវិស័យ អចលនទ្រព្យ និងសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ មានចំណែកដល់ទៅ ១ភាគ៣ នៃផលិតផល ក្នុងស្រុកសរុប (GDP)។ ការវិនិយោគពីFDI នៅកម្ពុជា សម្រេចបានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ និង ៣,៦ ពាន់លានដុល្លារនៅឆ្នាំ២០២០៕