(ទីក្រុងប៉េកាំង)៖ ក្រុមហ៊ុន Huawei Technologies គ្រោងបោះទុនខ្ទង់ ៤ពាន់លានយន់ (ប្រហែល ៦៣២.៥២ លានដុល្លារអាមេរិក) ដើម្បីសាងសង់ទីស្នាក់ការកណ្តាលថ្មី និងមជ្ឈមណ្ឌល R&D សម្រាបប់អង្គភាពផលិតថាមពលឌីជីថលរបស់ខ្លួន។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
ការចុះផ្សាយរបស់កាសែត 21st Century Herald បានរាយការណ៍ថាក្រុមហ៊ុន Huawei Digital Power បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ជាមួយរដ្ឋាភិបាលក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង Shenzhen។ ហើយការចុះហត្ថលេខានេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏ធំដែលធ្វើឡើងដោយទីក្រុង Shenzhen ដើម្បីសម្គាល់ការបើកដំណើរការគម្រោងសាងសង់ថ្មីនៅក្នុងទីក្រុង។
ដោយឡែកក្រុមហ៊ុន Huawei បាននឹងកំពុងព្យាយាមធ្វើឱ្យផលប័ត្ររបស់ខ្លួនមានភាពចម្រុះនិងសម្បូបែប លើសពីអាជីវកម្មទូរគមនាគមន៍ និង អាជីវកម្មស្មាតហ្វូនសំខាន់ៗរបស់ខ្លួនបច្ចុប្បន្នដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយទទួលរងការរឹតបន្តឹងការនាំចេញ និង ការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។
បើយោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Huawei បានលើកឡើងពីគោលបំណងក្នុងការវិនិយោគនេះថា គឺវាត្រូវបានបង្កើតឡើងដើម្បីប្រឈមមុខនឹង«បញ្ហាប្រឈមនៃយុគសម័យទិន្នន័យធំ,ចរាចរណ៍ និងការប្រើប្រាស់ថាមពល» ដោយផ្តល់នូវដំណោះស្រាយដូចជា ទទួលបាននូវមជ្ឈមណ្ឌលទិន្នន័យឆ្លាត និងជំនួយរគមនាគមន៍ ហើយក៏ដូចជាប្រតិបត្តិករសាជីវកម្មសម្រេចបាននូវ «ប្រសិទ្ធភាពបៃតង» ផងដែរ។
គួរជម្រាបដែរថា នៅកំឡុងខែមករា ក្រុមហ៊ុន Huawei Digital Powerនិង China Resources Power Holdings ដែលដំណើរការរោងចក្រថាមពលដើរដោយធ្យូងថ្មនៅទូទាំងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍គម្រោងថាមពលស្អាត ក៏ដូច platformទិន្នន័យធំសម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យ (solar panels) ប្រព័ន្ធផ្ទុកថាមពល និងរោងចក្រថាមពលឆ្លាត៕