(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២២ ជីប ម៉ុង Ecocycle ដែលជាអង្គភាពអាជីវកម្មរបស់ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (Chip Mong Insee Cement Corporation) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ដំណោះស្រាយប្រកបដោយនិរន្តរភាពទាក់ទងជាមួយការដុតកម្ទេចផលិតផលក្លែងក្លាយដែលត្រូវបានរឹបអូស។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាក្រោមវត្តមាន នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និង អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និង អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន។ លោក Jorge Baigorri នាយកប្រតិបត្តិក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតក៏មានវត្តមានផងដែរ។

ផលិតផលក្លែងក្លាយមានផលប៉ះពាល់ជាអវិជ្ជមាន ទាំងទៅលើសុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ និងកេរ្តិ៍ឈ្មោះរបស់អ្នកផលិត។ ជាមួយនឹងការកើនឡើងនៃផលិតផលក្លែងក្លាយដែលត្រូវបានរឹបអូសនៅក្នុងប្រទេសកម្ពុជា ការគ្រប់គ្រងកាកសំណល់ទាំងនេះគឺជាបញ្ហាប្រឈមមួយ។

យោងតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ជីប ម៉ុង Ecocycle នឹងផ្តល់ដំណោះស្រាយដែលមិនប៉ះពាល់ដល់បរិស្ថានចំពោះផលិតផលក្លែងក្លាយដែលត្រូវបានរឹបអូសដោយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយប្រើបច្ចេកវិទ្យាដែលទទួលស្គាល់ជាសកលដែលគេហៅថា Co-Processing ដែលនេះពាក់ព័ន្ធនឹងការកម្ទេចសំណល់ឧស្សាហកម្ម និងផលិតផលក្លែងក្លាយដោយប្រើកំដៅ។

បច្ចេកវិទ្យា Co-Processing បានបំពេញនូវស្តង់ដារបទប្បញ្ញត្តិទាំងអស់នៅក្នុងប្រទេស ហើយកំពុងត្រូវបានប្រើប្រាស់ ជាសកលសម្រាប់ការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម និងផលិតផលក្លែងក្លាយ។ បច្ចេកវិទ្យានេះត្រូវបានគេមើលឃើញថា ជាជម្រើសដ៏ល្អប្រសើរជាងការចាក់សំរាម និងការដុតពីព្រោះវាផ្តល់នូវដំណោះស្រាយពេញលេញដោយប្រើកំដៅ និងមិនបន្សល់សំណល់ដែល ប៉ះពាល់ដល់បរិស្ថាននោះទេ។

លោកបណ្ឌិត Sajith Edirisuriya អ្នកគ្រប់គ្រងទូទៅនៃ ជីប ម៉ុង Ecocycle បាននិយាយថា ជាមួយនឹងការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ជីប ម៉ុង Ecocycle បានឈានដល់ចំណុចសំខាន់មួយទៀតនៃដំណើរនៃការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព និងបានពង្រីកសេវាកម្មរបស់ខ្លួនទៅដល់ការដុតកម្ទេចផលិតផលក្លែងក្លាយ។

លោកថា យើងក៏ទទួលផ្ដល់សេវាកម្មទៅលើការដុតកម្ទេចផលិតផលដែលត្រូវបានប្រមូលមកវិញ ទំនិញផុតកំណត់ និងឯកសារសម្ងាត់នៅក្នុងឧស្សាហកម្មណាមួយក៏បាន។ ជាមួយនឹងការផ្ដល់សុវត្ថិភាពល្អប្រសើរ កេរ្តិ៍ឈ្មោះរបស់អ្នកផលិតត្រូវបានការពារ។ ប្រាកដណាស់ វាមានច្រើនជាងនេះទៅទៀត។ ដោយមិនគិតពីអ្វីដែលកំពុងត្រូវបានដុតកម្ទេច វាចាំបាច់ក្នុងការធ្វើដូច្នេះ ក្នុងលក្ខណៈមួយដែលការពារការបំពុលគ្រប់ប្រភេទ។ ការដុតកម្ទេចផលិតផលក្លែងក្លាយ ឬដែលត្រូវបានប្រមូលមកវិញ ទំនិញមិនមានគេប្រើប្រាស់ ឬសម្ភារៈផ្សេងទៀត ត្រូវតែធ្វើឡើងក្នុងលក្ខណៈសុវត្ថិភាពមួយដែលអាចវាស់វែងបាន។

លោកបណ្ឌិត Sajith Edirisuriya បានបន្ថែមថា ស្រដៀងទៅនឹងការដែលមានផលិតផលក្លែងក្លាយ ឬមិនមានការទទួលស្គាល់នៅលើទីផ្សារ អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាជីវកម្ម ការគ្រប់គ្រោងកាកសំណល់ដែលមិនមានសុវត្ថិភាពអាចបំផ្លាញកេរ្តិ៍ឈ្មោះអាជីវកម្មដូចគ្នានៅក្នុងខ្សែភ្នែកសាធារណៈជន។ ក្រុមហ៊ុនដែលបន្ដបំពុល ទាក់ទាញការត្រួតពិនិត្យយ៉ាងខ្លាំងដែលនេះមានន័យថាការគ្រប់គ្រោងកាកសំណល់ដោយសុវត្ថិភាព និងនិរន្តរភាព គឺជាដំណោះស្រាយតែមួយគត់ដែលនឹងការពារកេរ្តិ៍ឈ្មោះក្រុមហ៊ុនបានយ៉ាងល្អ។

ជីប ម៉ុង Ecocycle បានចាប់ផ្តើមដំណើរការនៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ ជីប ម៉ុង Ecocycle បានកែច្នៃកាកសំណល់ឧស្សាហកម្ម និងកសិកម្ម បានជាង ១០០ ០០០ តោន។ Co-Processing គឺជាពាក្យបច្ចេកទេស ប្រើសម្រាប់ការកម្ទេចកាកសំណល់ឧស្សាហកម្ម តាមរយៈការដុតដោយឡស៊ីម៉ងត៍ ស្របពេលដែលកំពុងដំណើរការផលិតស៊ីម៉ងត៍ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាពណាមួយឡើយ។

បច្ចុប្បន្ននេះ ជីប ម៉ុង Ecocycle បានចាប់ដៃគូជាមួយរោងចក្រជាង១០០ នៅទូទាំងប្រទេសសម្រាប់ការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម ដោយដាក់ចេញនូវដំណោះស្រាយគ្រប់គ្រងកាកសំណល់ដើម្បីបំពេញតាមតម្រូវការផ្នែកនិរន្តរភាពរបស់អតិថិជននីមួយៗ។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន គឺជាការបណ្តាក់ទុនរួមគ្នា រវាង ក្រុមហ៊ុន ជីប ម៉ុង នៃប្រទេសកម្ពុជា និងក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement របស់ប្រទេសថៃ។ Insee Group មានបទពិសោធន៍ជាងពីរទសវត្សរ៍ ក្នុងការផ្តល់នូវដំណោះស្រាយគ្រប់គ្រងកាកសំណល់ប្រកបដោយវិជ្ជាជីវៈដល់ឧស្សាហកម្មផ្សេងៗជាច្រើន។ ដោយប្រើប្រាស់ឡស៊ីម៉ងត៍ដែលទំនើប Insee Ecocycle មានសមត្ថភាពកម្ទេចសំណល់ឧស្សាហកម្មបានជាង ៧០០ ០០០ តោនក្នុងមួយឆ្នាំ។

អង្គភាពអាជីវកម្មនេះបានពង្រីកវិសាលភាព និងជំនាញរបស់ខ្លួនពី Insee Ecocycle ថៃ ទៅ Insee Ecocycle វៀតណាម និង Insee Ecocycle ស្រីលង្កា។ ជីប ម៉ុង Ecocycle គឺជាសមាជិកគ្រួសារថ្មីក្នុងក្រុមគ្រួសារគ្រប់គ្រងកាកសំណល់នេះ និងមានសមត្ថភាពគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម និងកសិកម្ម ៧៥ ០០០ តោនក្នុងមួយឆ្នាំ៕

http://image.freshnewsasia.com/2021/id-021/fn-2022-02-19-14-53-21-5.JPG