(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីបានឃើញព័ត៌មានអំពីកាលសុំជំនួយ ដើម្បីព្យាបាលពីសំណាក់ម្ដាយកូនរងគ្រោះធ្ងន់ធ្ងរ ដោយភ្លើងឆេះកាលពីថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២២រួចមក ក្រុមការងារក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី (Freshy) បាននាំយកថវិកាចំនួន១០លានរៀល និងទឹកដោះគោ Freshy សម្រាប់ញ៉ាំពេញ១ឆ្នាំ ដើម្បីបំប៉នសុខភាពក្មេងស្រីអាយុ១១ខែ ឲ្យមានសុខភាពរឹងមាំឡើងវិញ។

បច្ចុប្បន្នអ្នកស្រី តាំង លី ជាម្ដាយ និងកូនស្រីឈ្មោះ លឹម មួយណា កំពុងសំរាកព្យាបាលនៅមន្ទីពហុព្យាបាលច្បារអំពៅ ហើយក៏នឹងត្រូវសម្រាក់ព្យាបាលជាច្រើនថ្ងៃបន្តទៀតដែរ។ ក្រោយពីក្រុមការងារទឹកផ្លែឈើហ្វ្រេសស៊ី បាននាំយកអំណោយជួបផ្ទាល់ ហើយឃើញពីស្ថានភាពជំងឺជាក់ស្ដែង គឺពិតជាមានសេចក្ដីអាណិតអាសូរដល់អ្នកស្រី និងក្មេងស្រីតូចដែលរងគ្រោះជាខ្លាំង។

ក្រុមហ៊ុនទឹកផ្លែឈើ Freshy សង្ឃឹមថាថវិការដែលក្រុមហ៊ុនបានជូន ដល់អ្នកស្រីពេលនេះអាចជួយសំរួល ដល់ការព្យាបាលដល់បងស្រី និងកូនស្រីតូចឲ្យបានជាសះស្បើយក្នុងពេលឆាប់ៗ។

សូមបញ្ជាក់ថា កាលពីម៉ោង២៖០០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះមួយកន្លែង បានកើតឡើងត្រង់ចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងនោះមានមនុស្សរងរបួសធ្ងន់២នាក់ ជាម្ដាយនឹងកូន ម្ដាយឈ្មោះ តាំង លី អាយុ៤១ឆ្នាំ កូនស្រីឈ្មោះ លឹម មួយណា អាយុ១១ខែ រងរបួសត្រង់ដៃ និងមួយចំហៀងក្បាល៕