(អាមេរិក)៖ តារាហូលីវូដល្បីឈ្មោះ Brad Pitt បានប្តឹងលោកស្រី Angelina Jolie ដែលជាអតីតភរិយា ដោយអះអាងថា លោកស្រីបានលក់ភាគហ៊ុនចំការទំពាំងបាយជូរមួយកន្លែងនៅបារាំង ដោយគ្មានការព្រមព្រៀងគ្នា ខណៈចំការនោះ ក៏ជាកន្លែងដែលពួកគេរៀបចំពិធីមង្គលការផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។
លោក Brad Pitt និងលោកស្រី Angelina Jolie ត្រូវបានគេស្គាល់ថា ជាកំពូលតារាហូលីវូដដែលមានឈ្មោះល្បីល្បាញមួយគូ ខណៈពួកគេបានទិញភាគហ៊ុនចំការទំពាងបាយជូ នៅ Chateau Miraval ភាគខាងត្បូង ប្រទេសបារាំង នៅអំឡុងឆ្នាំ២០០៨ ហើយ៦ឆ្នាំក្រោយមកក៏បានរៀបការជាមួយគ្នាជាប្តីប្រពន្ធ។ តែយ៉ាងណា អ្នកទាំងពីបានសម្រេចលែងលះគ្នានៅឆ្នាំ២០១៦ ខណៈរឿងក្តីលែងលះរបស់ពួកគេ មិនទាន់ដាច់ស្រេចនៅឡើយទេ ដោយសារតែម្នាក់ៗនៅទាមទារសិទ្ធចិញ្ចឹមកូនៗ ខណៈតុលាការមិនទាន់សម្រេចជាស្ថាពរ។
ជុំវិញពាក្យបណ្តឹងថ្មី ដែលលោក Brad Pitt ដាក់ទៅកាន់តុលាការនៅ Californie នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ថ្មីនេះវិញ គឺបានចោទប្រកាន់ថា អតីតភិរយារបស់ខ្លួនបានយល់ព្រមលក់ភាគហ៊ុនចំការទំពាំងបាយជូរនៅ Miraval ដោយគ្មានការឯកភាគយល់ព្រមពីភាគីម្ខាងទៀត។ ដែលនេះ ត្រូវបាន Brad Pitt អះអាងថា ជាការបំពានកិច្ចសន្យារដើម ដែលពួកគេធ្លាប់បានព្រមព្រៀងគ្នាកន្លងមក។
ទោះជាបែបនេះក្តី ភ្លាមៗគេមិនទាន់ឃើញមានការឆ្លើយតបណាមួយ ពីសំណាក់អ្នកតំណាងរបស់លោកស្រី Angelina Jolie ឬលោកស្រីផ្ទាល់ឡើយ៕