(ហុងកុង)៖ ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញនៅថ្ងៃសុក្រថា ប្រទេសចិនបានប្រតិកម្មនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការរួមបញ្ចូលគេហទំព័រលក់ទំនិញអនឡាញមួយចំនួននៅក្នុង «បញ្ជីខ្មៅ» របស់ពួកគេ ដោយហៅសកម្មភាពនេះថា «គ្មានទំនួលខុសត្រូវ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា គេហទំព័លក់ទំនិញអនឡាញ E-commerce ដែលដំណើរការដោយក្រុមហ៊ុន Tencent និង Alibaba របស់ចិនត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅចុងក្រោយបង្អស់របស់រដ្ឋាភិបាលអាមេរិកដោយស្ថិតក្នុងការចោទប្រកាន់ថាបានលក់ទំនិញក្លែងក្លាយ។

ដោយឡែកបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកដែលបានដាក់បញ្ជូលក្រុមហ៊ុនបង្កើតវេទិកាអនឡាញលំដាប់ខ្នាតយក្សធំៗពីរនោះ មានការដាក់បញ្ជូលគេហទំព័រសរុបចំនួន ៧៧ កន្លែង ដែលពាក់ព័ន្ធនឹងការលក់ផលិតផលក្លែងក្លាយ និងទាក់ទងទៅនឹងការលួចចម្លងកម្មសិទ្ធបញ្ញា ដោយឡែកក្នុងនោះក៏មាន AliExpress, Taobao និង Alibaba ផងដែរ។

ចំពោះករណីខាងលើនេះ ក្រុមហ៊ុន Alibaba បានលើកឡើងថា ខ្លួននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហាក្នុងការកាពារកម្មសិទ្ធបញ្ញានេះនៅគ្រប់ platforms របស់ខ្លួន ខណៈដែរ Tencent បានធ្វើការបដិសេធមិនយល់ស្របជាមួយនឹងការសម្រេចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ។

រដ្ឋាភិបាលចិនបានប្រកាសបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនបានជម្រុញឱ្យសហរដ្ឋអាមេរិក «ឆ្លុះបញ្ចាំងពីគោលបំណងនៃការខិតខំប្រឹងប្រែង និងវឌ្ឍនភាពដែលធ្វើឡើងដោយប្រទេសចិន» និង ធ្វើការវាយតម្លៃដោយយុត្តិធម៌ដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានដែលមិនសមរម្យលើក្រុមហ៊ុនរបស់ពួកគេ។

គួរជម្រាបដែរថា សហរដ្ឋអាមេរិក និងចិនបានជាប់ពាក់ព័ន្ធនឹងភាពតានតឹងផ្នែកពាណិជ្ជកម្មនេះអស់ជាច្រើនឆ្នាំមកហើយជុំវិញបញ្ហាដូចជាពន្ធគយ បច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញាជាដើម៕