(ភ្នំពេញ)៖ បទល្មើសព្រហ្មទណ្ឌទាំងឡាយដែលជនល្មើសបានប្រព្រឹត្ដ ទោះដោយចេតនា ឬដោយអចេតនា ដោយផ្ទាល់ ឬដោយប្រយោលក្ដី អំពើទាំងនោះ បានធ្វើឱ្យប៉ះពាល់ដល់របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គមដូចគ្នា។ ក្រមព្រហ្មទណ្ឌ ប្បញ្ញត្តិពីគោលការណ៍ឯកត្តកម្ម នៃការទទួលខុសត្រូវព្រហ្មទណ្ឌរបស់បុគ្គលម្នាក់ៗ ដោយត្រូវទទួលទោសព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពុំអាចបុគ្គលណាម្នាក់មកទទួលទោសជំនួសបានឡើយ កាលបើបុគ្គលដែលបានប្រព្រឹត្តបទល្មើសនោះ គ្រប់អាយុដែលច្បាប់បានកំណត់ឱ្យផ្តន្ទាទោសតាមទំហំនៃអំពើដែលបានប្រព្រឹត្ត។

នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ឡើងទៅ ប៉ុន្តែអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំឡើងទៅ ក៏ត្រូវទទួលការផ្តន្ទាទោសផងដែរ ដោយតុលាការពិចារណាលើកាលៈទេសៈនៃបទល្មើស និងបុគ្គលិកលក្ខណៈរបស់អនីតិជន ដែលបានប្រព្រឹត្តបទល្មើស។

តើក្រមព្រហ្មទណ្ឌបានកំណត់ការអនុវត្តទោសលើអនីតិជនដែលប្រព្រឹត្តបទល្មើសយ៉ាងដូចម្តេច? ហើយទោសដែលត្រូវអនុវត្តនឹងត្រូវកំណត់បែបណា?

ដូចនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ទោសដែលអាចអនុវត្តចំពោះអនីតិជន» មកធ្វើការចែករំលែកជូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ។

យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ១៦០ មូលទោសអនុវត្តចំពោះអនីតិជនអាយុចាប់ពី ១៤ ឆ្នាំ ឡើងទៅ បានប្បញ្ញតិ្ត កាលណាតុលាការ សម្រេចផ្ដន្ទាទោសព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ឡើងទៅ មូលទោសលើបទល្មើសដែលចោទប្រកាន់ ត្រូវបានបន្ថយក្នុងលក្ខខណ្ឌដូចតទៅ៖

១៖ អតិបរមានៃទោសដាក់ពន្ធនាគារត្រូវបន្ថយពាក់កណ្តាល។
២៖ ប្រសិនបើអតិបរមានៃទោសនោះ គឺជាទោសដាក់ពន្ធនាគារអស់មួយជីវិត អតិបរមាត្រូវបន្ថយមកដាក់ពន្ធនាគារ ២០ (ម្ភៃ) ឆ្នាំ។
៣៖ អប្បបរមានៃទោសដាក់ពន្ធនាគារ ត្រូវបន្ថយពាក់កណ្តាល ប្រសិនបើអប្បបរមានេះលើសពី ១ (មួយ) ថ្ងៃ។
៤៖ អប្បបរមា និងអតិបរមានៃទោសពិន័យជាប្រាក់ត្រូវ បន្ថយពាក់កណ្តាល។

ក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រសិនបើបទប្បញ្ញត្តិនៃមាត្រានេះមានអានុភាពបន្ថយអតិបរមានៃទោសដាក់ពន្ធនាគារ មកត្រឹមថិរវេលាមួយស្មើ ឬតិចជាង ៥ (ប្រាំ) ឆ្នាំ នោះ បទល្មើសដែលចោទប្រកាន់នៅតែជាបទឧក្រិដ្ឋដដែល។ ក្រៅពីមូលទោស តុលាការក៏អាចប្រកាសទោសបន្ថែមលើអនីតិជនដោយ ការរឹបអូសឧបករណ៍ សម្ភារៈ ឬវត្ថុអ្វីមួយដែលបានប្រើក្នុងការប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅប្រព្រឹត្តបទល្មើស មូលនិធិដែលជាកម្មវត្ថុនៃបទល្មើស ផលទុន ទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស ឧបភោគភណ្ឌ ចលនវត្ថុនៅក្នុងទីកន្លែងដែលប្រព្រឹត្តបទល្មើស និងហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។

ចំពោះអនីតិជនអាយុយ៉ាងតិច ១៦ (ដប់ប្រាំមួយ) ឆ្នាំ ដែលតុលាការប្រកាសមូលទោស អាចនឹងទទួលការផ្តន្ទាទោសបន្ថែម ជាទោសការងារសហគមន៍ មានលក្ខណៈជាការបណ្តុះបណ្តាល និងសម្រួលដល់ការបញ្ចូលខ្លួនទៅរស់នៅក្នុងសង្គមវិញ។ លើសពីនេះ បទប្បញ្ញត្តិស្តីពីការមិនរាងចាល នៃការប្រព្រឹត្តបទល្មើសរបស់អនីតិជន មិនត្រូវយកមកអនុវត្តលើអនីតិជនឡើយ ស្របតាមមាត្រា ១៦៣ នៃក្រមព្រហ្មទណ្ឌ។

យោងតាមខ្លឹមសារនៃមាត្រា ១៦៤ ការទទួលប្រយោជន៍នៃស្ថានសម្រាលទោស នៃក្រមព្រហ្មទណ្ឌ បានចែងថា ស្ថានសម្រាលទោសត្រូវអនុវត្តទៅលើអនីតិជន។

កាលបើតុលាការបានសម្រេចឱ្យមានស្ថានសម្រាលទោស អប្បបរមានៃមូលទោសលើអនីតិជនពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវបន្ថយតាមខ្នាតដោយឡែកដូចតទៅ៖

១៖ ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ១០ (ដប់) ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកនៅត្រឹម ១ (មួយ) ឆ្នាំ។
២៖ ប្រសិនបើអប្បបរមានៃទោសជាប់ពន្ធនាគារស្មើ ឬលើសពី ៥ (ប្រាំ) ឆ្នាំ និងតិចជាង ១០ (ដប់) ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម ៦ (ប្រាំមួយ) ខែ។
៣៖ ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ២ (ពីរ) ឆ្នាំ និងតិចជាង ៥ (ប្រាំ) ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម ៣ (បី) ខែ។
៤៖ ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ៦ (ប្រាំមួយ) ថ្ងៃ និងតិចជាង ២ (ពីរ) ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយត្រឹម ១ (មួយ) ថ្ងៃ។
៥៖ អប្បបរមានៃទោសពិន័យជាប្រាក់ ត្រូវបន្ថយពាក់កណ្តាល។

សរុបរួមមក បុគ្គលគ្រប់រូបត្រូវទទួលខុសត្រូវទណ្ឌកម្មព្រហ្មទណ្ឌ ចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត ដោយឡែកអនីតិជនដែលមានអាយុក្រោម ១៤ ឆ្នាំ ច្បាប់បានប្បញ្ញតិ្តថាពុំត្រូវទទួលខុសត្រូវព្រហ្មទណ្ឌនោះទេពោលគឺអនីតិជនអាយុក្រោម ១៤ ឆ្នាំ មិនត្រូវបានចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួន និងផ្តន្ទាទោសនោះឡើយ ក៏ប៉ុន្តែក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីយុត្តិធម៌អនីតិជនបានប្បញ្ញត្តិពីការអនុវត្តទោសលើអនីតិជនដែលមានអាយុចាប់ពី ១៤ ឆ្នាំឡើង ដល់អាយុក្រោម ១៨ ឆ្នាំ ដើម្បីឱ្យអនីតិជនទទួលបានប្រយោជន៍នៃស្ថានសម្រាលទោស និងកែខ្លួនចូលទៅរួមរស់ជាមួយសង្គមគ្រួសារវិញ។

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា ម៉េង សៀវយី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕