(អាមេរិក)៖ Amazon គឺជាក្រុមហ៊ុនផលិតទំនិញអនឡាញលំដាប់យក្សនៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនផ្ដល់សេវាកម្ម Cloud ដ៏ល្បីឈ្មោះមួយផងដែរ។ ខណ:ដែលពិភពលោកបានជួបវិបត្តិកូវីដ១៩ វាបានក្លាយជាឱកាសថ្មីមួយសម្រាប់ ក្រុមហ៊ុន Amazon ទៅវិញ ដោយក្នុងនោះការទិញទំនិញតាមអនឡាញនៅលើគេហទំព័រ Amazon និងតម្រូវការសេវាកម្ម Cloud កាន់ តែកើនឡើងខ្លាំង។

ចាប់តាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ ២០២១ ប្រាក់ចំណូលរបស់ Amazon គឺបានកើនឡើងខ្ពស់ជាលំដាប់ ខណ:ដែលប្រាក់ចំណេញ ក៏ទទួលបានច្រើនសន្ធឹកផងដែរ។ នៅក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនអាមេរិកមួយនេះរក ចំណូលសរុបបានចំនួនជាង ២៨០ពាន់លានដុល្លារអាមេរិក និងទទួលបានប្រាក់ចំណេញសរុបចំនួនជាង ១១,៥ពាន់លានដុល្លារ អាមេរិក។

នៅក្នុងឆ្នាំ២០២០ ដែលជាឆ្នាំពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នោះ ក្រុមហ៊ុន Amazon បែរជាប្រមូលបាន ចំណូលរហូតដល់ជាង ៣៨៦ពាន់លានដុល្លារអាមេរិក និងចំណេញជាង ២១ពាន់លានដុល្លារអាមេរិក។ រីឯឆ្នាំ២០២១ ជាឆ្នាំ ដែល មនុស្សគ្រប់គ្នាបានបាននិងកំពុងតែរៀនរស់នៅក្នុងបរិបទថ្មីនៃសម័យកូវីដ១៩នោះ ក្រុមហ៊ុនដែលមានលោក Jeff Bezos ជាស្ថាបនិកមួយនេះ រកចំណូលបានសរុបជិត ៤៧០ពាន់លានដុល្លារអាមេរិក និងប្រាក់ចំណេញសរុបចំនួនជាង ៣៣ពាន់លាន ដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Amazon បានបង្កើតឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៤ ដោយលោក Jeff Bezos ហើយគិត ត្រឹមឆ្នាំ២០២១ មានបុគ្គលិកប្រមាណ ១,៦លាននាក់នៅជុំវិញពិភពលោក និងជាក្រុមហ៊ុនលក់ទំនិញអនឡាញធំជាងគេបំផុត៕