(ភ្នំពេញ)៖ លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានអះអាងថា សហព័ន្ធកំពុងសម្លឹងមេដាយមាស ក្នុងនាមម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ហើយលោកស្រីក៏រំពឹងថា កីឡាករ-កីឡាការិនីរបស់ខ្លួន នឹងធ្វើបានផងដែរ បន្ទាប់ពីមានការយកចិត្តទុកដាក់ និងខិតខំបង្ហាត់ ក៏ដូចជាហ្វឹកហាត់របស់ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនី ។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានបញ្ចប់ការរៀបចំការប្រកួតកីឡាជិះសេះជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២១ លើវិញ្ញាសាលោតផ្លោះរបារ(Jumping) នៅមជ្ឈមណ្ឌលកីឡា Cambodian Country Club (CCC) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ ក្នុងនោះក៏មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។

ប្រមុខសហព័ន្ធខាងលើ បានបញ្ជាក់ថា «ការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាការប្រៀបធៀបមួយដ៏ធំ ហើយយើងបានឃើញថា កីឡាកររបស់យើងមានភាពរីកចម្រើនបានប្រសើរមួយចំនួនធំ ក្នុងការលោតជាមួយសេះ បន្ទាប់ពីមានការហ្វឹកហាត់ត្រឹមត្រូវ ជាមួយគ្រូបង្វឹកខ្មែរ និងអ្នកជំនាញមកពីបារាំង»

បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតប្រចាំឆ្នាំ ក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល ក្នុងរយៈពេល ៦សប្ដាហ៍បន្ទាប់ សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតដ៏ធំមួយទៀត ដែលនឹងមានការចូលរួមប្រកួតពិកីឡាករ-កីឡាការិនី និងសេះកាន់តែច្រើន ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសឲ្យកាន់តែប្រសើរ ដ្បិតពេលវេលាការប្រកួតស៊ីហ្គេមនៅកម្ពុជា នៅសល់ពេលកាន់តែតិច ។

លោកស្រីបន្ដថា «ចំពោះដំណើរឆ្ពោះទៅស៊ីហ្គេមរបស់យើងរៀងប្រថុចញ៉ុចជាមួយលក្ខខណ្ឌពេលវេលា តែក្រោមការហ្វឹកហាត់ជាមួយគ្រូបង្វឹក ដែលមានជំនាញច្បាស់លាស់ក្នុងការបង្ហាត់ គួបផ្សំជាមួយធនធានកីឡាករ-កីឡាកវ័យក្មេង ដែលមានចិត្តក្លាហាន និងទេពកោលសល្យ យើងរំពឹងថា ពួកគេនឹងអាចសម្រេចដណ្ដើមមេដាយជូនជាតិនាស៊ីហ្គេម ឆ្នាំ២០២៣»

«បន្ទាប់ពីការប្រកួតនេះ និងការប្រកួតបន្ដបន្ទាប់ យើងមើលឃើញ កីឡាករ និងសេះ មានភាពស៊ាំជាមួយគ្នាហើយ រវាងដៃគូរបស់គាត់(កីឡាករ និងសេះ) ។ អ៊ីចឹងពាក់ព័ន្ទសន្ទសន៍មេដាយ គឺយើងចង់បានមេដាយមាស ដែលយើងកំពុងសម្លឹង ។ បើយើងបានមេដាយណាក៏ល្អដែរ តែបើយើងដណ្ដើមបានមេដាយមាសរឹតតែពិសេស» ។ លោកស្រី ទេព ម៉ូណា បន្ថែម ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ចែកចេញជា ២វិញ្ញាសា រួមមានវិញ្ញាសាលោតផ្លោះរបារ ដែលប្រកួតនៅមជ្ឈមណ្ឌលកីឡា CCC និងវិញ្ញាសារត់ចម្ងាយឆ្ងាយ ដែលប្រកួតនៅរមនីយដ្ឋានដំណាក់ដំរី ខេត្តកំពង់ស្ពឺ កាលពី ២សប្ដាហ៍មុន ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ១៤រូប ។ ចំពោះលទ្ធផលវិញ្ញាសាលោតផ្លោះរបារ លេខ១ បានទៅកីឡាករ គិរី ចាន់តុលា, លេខ២ កីឡាការិនី នរោត្តម Amrita និងលេខ៣ ស្ទួនបានទៅកីឡាករ គង់ រតនា និងកីឡាករ គ្រី សារឿន ។ រីឯវិញ្ញាសារត់ចម្ងាយឆ្ងាយ នៅមិនទាន់បញ្ចប់នោះទេ ដោយកំពុងបន្ដការប្រកួតរហូតគ្រប់ចម្ងាយ ៨០គីឡូម៉ែត្រ ៕