(ក្រុងឡុងដ៍)៖ ២គ្រាប់ចុងម៉ោងរបស់កីឡាករ Fred និង Elanga បានជួយឲ្យ Manchester United យកបាន ៣ពិន្ទុពីលទ្ធផលឈ្នះម្ចាស់ផ្ទះ Leeds United ៤-២ ឈរនៅតំណែង Top-4 ដដែលគិតត្រឹមសប្តាហ៍ទី២៦ ជើងទី២ នេះនៅលីគកំពូលអង់គ្លេស Premier League នាយប់មិញនេះ។

ក្រុមដែលកំពុងដឹកនាំដោយអ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick បានបំបាក់ Leeds United ដល់ទៅ ៥-១ នៅទឹកដី Old Trafford កាលពីជើងទី១ ក្នុងលីគ។

ទាំង Fred និង Anthony Alanga សុទ្ធសឹងជាកីឡាករដែលត្រូវបានប្តូរចូលនៅវគ្គទី២ ដូចគ្នា នៅពេលបិសាចក្រហម និង Leeds United កំពុងមានគ្រាប់បាល់ស្មើគ្នា ២-២ នៅទឹកដី Elland Road ហើយម្ចាស់ផ្ទះទៀតសោត បានប្រើពេលតែ ២នាទីប៉ុណ្ណោះ ដើម្បីរកបាន ២គ្រាប់តាមស្មើផងដែរ គ្រាដែល Man Utd បានបើកការនាំមុខ ២គ្រាប់មុនតាំងពីចុងវគ្គទី១ មក។

តែយ៉ាងណា នេះវាបានក្លាយជាជ័យជម្នះទី២ សម្រាប់ Man Utd ក្នុងរយៈពេល ១សប្តាហ៍ក្នុងការបន្តឈរនៅលេខរៀងទី៤ ក្នុងតារាងពិន្ទុបណ្តោះអាសន្នដដែល នាំមុខក្រុមញញួរធំ West Ham United របស់លោក David Moyes ៤ពិន្ទុ និងចាញ់ពិន្ទុក្រុមលេខ៣ តោខៀវ Chelsea ៤ពិន្ទុដែរ៕