(កំពង់ឆ្នាំង)៖ ដោយសារទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងវិនិយោគិនជាតិ បានធ្វើឲ្យអ្នកវិនិយោគដីឡូត៍លំហែរ ភូមិចំការដូងរីសត បានសម្រេចបើក សម្ភោធលក់គម្រោងដំណាក់កាលទី៤ របស់ខ្លួនជាផ្លូវការហើយ នាព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតនៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោក ហ៊ិន រស់ អគ្គនាយកគម្រោងដីឡូត៍លំហែរភូមិចំការដូងរីសត បានថ្លែងអំណរគុណដល់ភ្ញៀវជាតិ អន្តរជាតិ ដែលបានទិញដីឡូត៍ក្នុងគម្រោងរបស់លោកនាពេល កន្លងមក និងគម្រោងថ្មីទី៤នេះ ការចូលរួមអភិវឌ្ឍគម្រោងនេះដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងផ្តល់ការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ ហើយជាឆន្ទៈរបស់លោកគឺចង់បង្កើតការងារជាច្រើនដល់ប្រជាជននៅទីនោះ និងរៀបចំតំបន់ទេសចរណ៍កែច្នៃមួយដែលផ្សារភ្ជាប់ជាមួយធម្មជាតិ។

លោក ហ៊ិន រស់ បានបន្តថា ដូងក្រអូបនៅក្នុងភូមិចំការដូងរីសតនឹងចេញផ្លែឆាប់ៗនេះ ស្របពេលក្នុងគម្រោងដីឡូត៍និមួយៗ ក៏មានការដាំដើមដូងក្រអូប និងផ្តល់ការមើល ថែរដល់អតិថិជនរយៈពេលពីរឆ្នាំ ដោយឥតគិតថ្លៃផងដែរ។ នៅជាប់ជាមួយនឹងដីឡូត៍លំហែរនេះ ក្រុមហ៊ុន Hin Rous Real Estate នឹងរៀបចំជារមណីយដ្ឋានលំហែរ ផ្ទះបណ្តែតទឹក និងខ្ចូសអង្គុយទទួលទានអាហារលើទឹក ដែលស្ថិតនៅលើផ្ទៃបឹងជាង១០ហិកតាផងដែរ។

លោក ហ៊ិន រស់ ក៏បានបង្ហាញការស្វាគមន៍ដល់អ្នកវិនិយោគ ដែលមានបំណងចូលរួមវិនិយោគលើដីរបស់លោកផងដែរ ដោយអាចកាត់ដីក្នុងចំណែក ឬចំនួនឡូត៍ ណាមួយយកមកលក់ឬសហការលក់ជាមួយលោក ក្នុងតម្លៃសមរម្យដែលអាចរកបានផលចំណេញរួមគ្នាផងដែរ។

លោក សួន សុខារិទ្ឋី អភិបាលរងស្រុកសាមគ្គីមានជ័យ ក៏បានកោតសរសើរដល់លោក ហ៊ិន រស់ ដែលបានតស៊ូក្នុងជីវិត បានក្លាយជាអ្នកវិនិយោគដ៏ជោគជ័យមួយរូប។ លោកថា ស្រុកសាមគ្គីមានជ័យ មានភាពរីកចម្រើនដោយបច្ចុប្បន្ន មានគំរោងវិនិយោគអចលនទ្រព្យ ពិសេសដីឡួត៍លំហែរច្រើន ព្រោះស្រុកនេះមានទីតាំងជាប់នឹង ខេត្តកណ្តាល កៀកនឹងរាជធានីភ្នំពេញ ពិសេសមានហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរបានស្រួលនៅពេលផ្លូវជាតិលេខ៥បានបញ្ចប់។

លោក សួន សុខារិទ្ឋី បានបន្តថា សេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ដែលធ្វើឲ្យពួកគាត់មានលទ្ឋភាពកាន់តែច្រើនក្នុងការទិញ ដីលំហែរ ហើយគំរោងភូមិចំការដូងរីសត ជាគម្រោងមួយល្អដែលមានធម្មជាតិខៀវស្រងាត់ និងមានផែនការអភិវឌ្ឍន៍ប្រកបដោយភាពច្បាស់លាស់ និងទទួលខុសត្រូវសង្គម។

លោក វង្ស សុវណ្ណ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុញបណ្តាលវិជ្ជាជីវៈ ក៏បានសម្តែងការកោតសរសើរដល់លោក ហ៊ិន រស់ ដែលបើទោះបីលោកពិការជើង ប៉ុន្តែលោកបានតស៊ូជម្នះគ្រប់ឧបសគ្គ រហូតទទួលបានជោគជ័យក្នុងជីវិត ហើយលោកជាមន្រ្តីដែលជាអ្នកមានអត្តចរិកល្អ ទោះបីជាខ្លួនលោកពិកាតែចិត្តនិងបេះដូង លោកមិនពិការឡើយ។

លោក វង្ស សុវណ្ណ បានបន្តថា គម្រោងភូមិចំការដូងរីសត បានលក់អស់គម្រោងទី១ ទី២ ទី៣ និងបើកលក់គម្រោងទី៤នាពេលនេះ បង្ហាញពីភាពជោគជ័យនៃការអភិវឌ្ឍ និងរៀបចំបានល្អប្រសើរពីម្ចាស់គំរោង ហេតុនេះអតិថិជនចាស់អាចបន្តទិញ និងណែនាំអ្នកថ្មីឬសាច់ញាតិមកទិញ ដែលការទិញដីឡូត៍លំហែរបែបនេះ ក៏ជាការរួម ចំណែកជួយអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាចូលរួមជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕