(មេនឆេស្ទឺ)៖ ប៉ូលិស បានឲ្យដឹងនៅថ្ងៃចន្ទថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ៩នាក់ បន្ទាប់ពីការប្រកួតឈ្នះរបស់ក្រុម Manchester United ក្នុងលទ្ធផល ៤-២ លើក្រុម Leeds United ក្នុងលីគ Premier League នៅអំឡុងពេលដែលកីឡាកររបស់ Manchester រងការគប់ដោយអ្វីម្យ៉ាងពីក្រុមអ្នកគាំទ្រ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

គ្រាប់បាល់នៅតង់ទី២ ពីកីឡាករបម្រុង Fred និង Anthony Elanga បាននាំឲ្យ United ឈ្នះក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ ហើយកីឡាករ Anthony Elanga បានរងការគប់ដោយអ្វីម្យ៉ាង ខណៈកំពុងអបអរសាទរគ្រាប់បាល់ស៊ុតចូលទីរបស់មិត្តរួមក្រុម Fred។

គួរឲ្យដឹងថា ក្លិប Manchester United និង Leeds មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា សមាគមបាល់ទាត់បានដឹងពីហេតុការណ៍ដែលបានកើតឡើងចំពោះកីឡាករ Elanga ហើយបាននឹងកំពុងធ្វើការលើកិច្ចការនេះជាមួយអ្នកចាត់ការ Manchester United លោក Ralf Rangnick និងអ្នកចាត់ការក្លិប Leeds លោក Marcelo Bielsa បានថ្កោលទោសចំពោះសកម្មភាពរបស់អ្នកគាំទ្រ ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍គប់នេះដែរ៕