(សិង្ហបុរី)៖ លោក Kyi Hla Han ជាបុគ្គលម្នាក់ ក្នុងចំណោមកីឡាករឆ្នើមបំផុតនៃវិស័យកីឡាវាយកូនគោលនៅតំបន់អាស៊ី ទាំងជាកីឡាករ និងមន្ត្រីនោះ បានស្លាប់ហើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

បុរសវ័យ ៦១ឆ្នាំ ជាអតីតកីឡាករលំដាប់លេខ១ និងជាប្រធានប្រតិបត្តិបានស្លាប់នៅប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយសារតែជំងឺមហារីក។

«កីឡាវាយកូនគោលអាស៊ី បានបាត់បង់កីឡាករម្នាក់ ក្នុងចំណោមកីឡាករឆ្នើមបំផុតរបស់ខ្លួន។ មន្ត្រីជំនាញដ៏អស្ចារ្យរបស់ខ្លួន និងជាមេដឹកនាំដោយអស្ចារ្យរបស់ខ្លួនផងដែរ។ នេះបើតាមសម្តីលោក Cho Minn Thant ប្រធានប្រតិបត្តិព្រឹត្តិការណ៍ប្រកួតវាយកូនគោល Asian Tour បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

លោក Kyi Hla Han ដែលបានតំណាងឲ្យមីយ៉ាន់ម៉ា ក្នុងការប្រកួតវាយកូនគោល World Cups ចំនួន ៥លើក និងជាផ្នែកមួយនៅក្នុងការរីកចម្រើន នៃកីឡាវាយកូនគោលអាស៊ី បន្ទាប់ពីការចូលនិវត្តន៍ពីការប្រកួតក្នុងឆ្នាំ២០០៤ នោះ ត្រូវបានគេចាត់ទុកថាជា «តួអង្គមួយក្នុងចំណោមតួអង្គលេចធ្លោបំផុត នៅក្នុងកីឡាវាយកូនគោលអាស៊ី»។

លោក Kyi Hla Han បានប្រឡូកអាជីពកីឡាវាយកូនគោល ក្នុងឆ្នាំ១៩៨០ និងបានលេងក្នុងអាជីពនេះរយៈពេល ២៥ឆ្នាំ ដែលលោកបានឈ្នះពានរង្វាន់ចំនួន ១២លើក៕