(ទីក្រុងហូជីមិញ)៖ ក្រុមហ៊ុន Samsung គ្រោងបោះទុនទឹកប្រាក់ចំនួន ៩២០លានដុល្លារអាមេរិកដល់ការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដែលជាកន្លែងផលិតស្មាតហ្វូនដ៏ធំរបស់ខ្លួន ដើម្បីផលិតបន្ទះសៀគ្វី ម៉ូឌុលកាមេរ៉ា និងផ្នែកផ្សេងៗទៀត។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

រោងចក្រនេះមានមូលដ្ឋាននៅក្នុងខេត្ត Thai Nguyen ដែលជាកន្លែងផលិតគ្រឿងបង្គុំរបស់ស្មាតហ្វូន ដូចជាបន្ទះសៀគ្វី ម៉ូឌុលកាមេរ៉ា និងលេនកាមេរ៉ា ដោយឃើញមានការកើនឡើងជាខ្លាំងនៅក្នុងផលិតកម្ម ហើយជាងពាក់កណ្តាលនៃស្មាតហ្វូន Samsung ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាម និងនាំចេញទៅកាន់ ១២៨ទីតាំងនៅទូទាំងពិភពលោក។

ប្រទេសវៀតណាមគឺជាគោលដៅដ៏សំខាន់សម្រាប់ផលិតកម្មរបស់ Samsung ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៣ មកម្លេះហើយនៅពេលដែលធ្វើការបណ្តាក់ទុនដំបូងគឺមានទឹកប្រាក់ចំនួន ១.២ពាន់លានដុល្លារអាមេរិក ដើម្បីបើកដំណើរជាផ្លូវការនូវចក្ខុវិស័យរបស់ខ្លួននៅក្នុងប្រតិបត្តិការនេះ។ហើយចាប់តាំងពីដំណើរការរោងចក្រមករហូតដល់ឆ្នាំ២០១៥ ក្រុមហ៊ុននេះបានបង្កើតការងារឱ្យបុគ្គលិកសរុបជាង ៦,៥៨០ នាក់នៅក្នុងប្រទេសវៀតណាម។

ដោយឡែកក្រុមហ៊ុន Samsung ក៏បានប្រកាសពីកំណើនប្រាក់ចំណូលនៅក្នុងប្រទេសវៀតណាមដែលទទួលបាន ១៤ភាគរយ គិតជាសាច់ប្រាក់ ៧៤.២ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន បើទោះបីជាមានការរឹតបន្តឹងពីជំងឺរាតត្បាតកូវីដក៏ដោយ ហើយក្រុមហ៊ុននេះបាននាំចេញផលិតផលដែលមានតម្លៃជាង ៦៥.៥ពាន់លានដុល្លារអាមេរិកដែលជាតួរលេខកើនឡើង ១៦ភាគរយ ពីឆ្នាំ២០២០។

គួរជម្រាបដែរថា ក្រុមហ៊ុន Samsung បានបណ្តាក់ទុនទឹកប្រាក់សរុបចំនួន ១៨ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍រហូតមកដល់បច្ចុប្បន្ននេះ ហើយមានរោងចក្រចំនួន ៦ដែលកំពុងតែរីករាលដាលជាខ្លាំងនៅទូទាំងខេត្ត Bac Ninh និង Thai Nguyen ក៏ដូចជាទីក្រុងហូជីមិញផងដែរ៕