(ឡុងដ៍)៖ លោក Darren Ferguson កូនប្រុសអតីតអ្នកចាត់ការ Sir-Alex Ferguson របស់ក្លិប Manchester United នោះបានលាលែងចេញពីតំណែង ជាអ្នកចាត់ការក្លិប Peterborough United ដែលលេងនៅលីគលំដាប់ទី២ របស់អង់គ្លេស Championship កាលពីថ្ងៃអាទិត្យហើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

ការលាលែងរបស់លោក Ferguson បានកើតឡើង បន្ទាប់ពីលទ្ធផលចាញ់ ១-០ ក្រោមថ្វីជើង Derby County កាលពីថ្ងៃសៅរ៍ ដែលបណ្តាលឲ្យក្រុម Peterborough ឈរនៅលំដាប់ទី២៣ ក្នុងតារាងលីគ Championship មាន ២១ពិន្ទុពី ៣១ប្រកួត និងមាន ៥ពិន្ទុពីតំបន់កាត់ចេញ។

ក្លិប Peterborough ដែលឡើងដោយស្វ័យប្រវត្តិពីលីគ League One កាលពីរដូវកាលមុននោះ មិនធ្លាប់ទទួលបានជ័យជម្នះម្តងណាឡើយក្នុងលីគ Championship គិតចាប់តាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ មក។

លោក Ferguson មិនទាន់ទទួលបានកម្រិតដូចគ្នានៃភាពជោគជ័យនៅក្នុងនាមជាអ្នកចាត់ការ ដូចទៅនឹងឪពុករបស់លោកនោះទេ ហើយក៏មិនធ្លាប់បានគ្រប់គ្រងក្លិបដែលលេងនៅលីគ Premier League ឡើយ ជាមួយនឹងការគ្រប់គ្រងរបស់លោកនៅឯក្លិប Peterborough, Doncaster Rovers និងក្លិប Preston North End សុទ្ធតែជាក្លិបលំដាប់ទាបនៅអង់គ្លេស៕