(អាំស្ទើដាំ)៖ ក្លិបបាល់ទាត់ Ajax បានព្រមព្រៀងបង់បា្រក់ប្រមាណ ៨.៨៨លានដុល្លារទៅឲ្យគ្រួសារបស់កីឡាករ Abdelhak Nouri បន្ទាប់ពីការព្យាបាលមិនគ្រប់គ្រាន់ បណ្តាលឲ្យរូបគេមានបញ្ហាខូចខួរក្បាលជាអចិន្ត្រៃយ៍។ គឺបន្ទាប់ពីខ្សែបម្រើ Nouri បានជួបបញ្ហាដួលគាំងបេះដូងលើទីលានកាលឆ្នាំ២០១៧ ក្នុងជំនួបមិត្តភាពជាមួយក្រុម Werder Bremen។

ប្រភពពី BBC បានឲ្យដឹងថា បញ្ហារបស់ Nouri មានការស៊ើបអង្កេតបានរកឃើញថា ក្រុមគ្រូពេទ្យបានប្រើពេលយូរពេកក្នុងការព្យាយាមជួយសង្គ្រោះចង្វាក់ផ្លូវដង្ហើបរបស់គាត់ ហើយយឺតពេលធ្វើចលនាចង្វាក់បេះដូង ខណៈក្លិប Ajax បានព្យាយាមធ្វើការព្យាបាលថែទាំតាំងពីពេលនោះមក ហើយក៏នៅតែធ្វើបែបនេះបន្តទៀត។

សូមរំលឹកផងថា Nouri ជាអតីតកីឡាករ U21 របស់ជម្រើសជាតិហូឡង់ ហើយ Ajax ជាក្លិបដំបូងរបស់គេដែលប្រកបអាជីព នៅពេលជួបបញ្ហាដូចខាងលើ ក៏មានការប្តឹងផ្តល់ពីគ្រួសារបស់គេផងដែរ តែក៏បានព្រមព្រៀងគ្នាយ៉ាងល្អមួយ ហើយអ្នកគ្រប់គ្រងការងារទូទៅក្លិបលោក Edwin van der Sar បានលើកឡើងថា វាពិតជាការល្អដែលមានកិច្ចព្រមព្រៀងបានឈានដល់ តែវានៅជារឿងឈឺចាប់សម្រាប់ Nouri និងគ្រួសាជាទីស្រលាញ់របស់គេ៕