(អាមេរិក)៖ អតីតរាជនីចម្រៀងប៉ុបល្បីឈ្មោះរបស់អាមេរិក Britney Spears ត្រូវបានរាយការណ៍ថា នឹងបង្ហាញរាល់អាថ៌កំបាំងទាំងអស់ក្នុងជីវិតរបស់នាង មិនថារឿងផ្ទាល់ខ្លួន ឬរឿងគ្រួសារនោះទេ តាមរយៈការដាក់បញ្ចូលក្នុងសៀវភៅមួយក្បាល ដែលគេចំណាយប្រាក់ទិញប្រវត្តិរបស់នាង ទៅសរសេរដាក់បញ្ចូល ចាយលុយអស់១៥លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមរបាយការណ៍ពីគេហទំព័រ Page Six ឲ្យដឹងថា អតីតតារាចម្រៀង Britney Spears បានចុះកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយគ្រឹះស្ថានបោះពុម្ព Simon & Schuster សម្រាប់កម្រងអនុស្សាវរីយ៍ជាសៀវភៅមួយក្បាល ដែលរៀបរាប់អំពីជីវិត អាជីព និងគ្រួសាររបស់នាង ខណៈការសម្រេចធ្វើបែបនេះ គឺ បន្ទាប់ពីអ្នកបោះពុម្ពផ្សាយជាច្រើនបានចូលរួមដេញថ្លៃលើសៀវភៅនេះ។

ដូចទស្សនិកជនបានជ្រាបហើយថា តារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Britney Spears វ័យ៤០ឆ្នាំ បានទទួលរងជំងឺផ្លូវចិត្តអស់រយៈពេល១៣ឆ្នាំមកហើយ ហើយក្នុងរយៈពេលនោះ នាងក៏ស្ថិតក្រោមការគ្រប់គ្រងពីឪពុករបស់នាងផងដែរ។ តែយ៉ាងណា មួយឆ្នាំចុងក្រោយនេះ តុលាការបានសម្រេចថា ឲ្យនាងលែងស្ថិតក្រោមការគ្រប់គ្រងដោយអាណាព្យាបាលហើយ ដោយផ្តល់សិទ្ធសេរីភាពឲ្យនាងវពេញលេញវិញ ទាំងរឿងផ្ទាល់ខ្លួន និងផ្នែកហិរញ្ញាវត្ថុ។

ជាក់ស្តែង ក្នុងសៀវភៅដែលគេចំណាយប្រាក់ ១៥លានដុល្លារ ដើម្បីសរសេរនៅពេលនេះ គឺផ្តោតសំខាន់ទៅលើរឿងរ៉ាវជីវិតរបស់នាងផ្ទាល់តែម្តង ពោលគឺទាំងរឿងការងារ ស្នេហា ការជួបទុក្ខលំបាកក្នុងជីវិត និងរឿងគ្រួសារជាដើម៕