(តូក្យូ)៖ ក្រុមហ៊ុន SoftBank Group ទំនងជានឹងកាត់បន្ថយភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនលក់ទំនិញអនឡាញលំដាប់ខ្នាតយក្សរបស់ចិនគឺ Alibaba នេះបើតាមអ្នកវិភាគបានឱ្យដឹងនៅថ្ងៃអង្គារ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុនមួយនេះ បានវិនិយោគលើអាជីវកម្មថ្មីៗ ដែលមិនបានចុះបញ្ជី Vision Fund របស់ខ្លួន ហើយទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

SoftBank បានលក់ភាគហ៊ុនរបស់ Alibaba ចំនួន ២០ភាគហ៊ុននៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ហើយក៏គ្រោងនឹងលក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ។ ដោយឡែក អ្នកវិភាគ Jefferies Atul Goyal បានធ្វើការប៉ាន់ប្រមាណថា ក្រុមហ៊ុននេះនឹងត្រូវការសាច់ប្រាក់ចន្លោះពី ៤០ ទៅ ៤៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ ប្រសិនបើពួកគេរក្សាល្បឿនបច្ចុប្បន្ននៃការវិនិយោគលើអាជីវកម្មថ្មីៗ និងការទិញភាគហ៊ុនត្រឡប់មកវិញ ដែលមានទឹកប្រាក់ ប្រមាណ ១ពាន់ពាន់លានយ៉េន (ប្រហែល ៨.៧ពាន់លានដុល្លារអាមេរិក) ដែលបានប្រកាសនៅក្នុងខែវិច្ឆិកាកន្លងទៅ។

ជាក់ស្តែង បច្ចុប្បន្ននេះ SoftBank កំពុងតែផ្តល់អាទិភាពដល់ Vision Fund ដែលបានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនជាង ២០០ រួមទាំងការវិនិយោគថ្មីៗនៅក្នុង software AI 6sense, platform ផ្តល់ហិរញ្ញវត្ថុឌីជីថល Funding Societies និងអាជីវកម្មរូបិយប័ណ្ណឌីជីថល Polygon ជាដើម។

គួរជម្រាបដែរថា នៅដើមខែនេះក្រុមហ៊ុន SoftBank បានបង្ហាញថាខ្លួនមិនមានទំនាក់ទំនងរវាងក្រុមហ៊ុន Alibaba ក្នុងការចុះបញ្ជីភាគហ៊ុននៅសហរដ្ឋអាមេរិក និងផែនការណាមួយដើម្បីលក់ភាគហ៊ុនរបស់ខ្លួននោះទេ ខណៈដែលក្រុមហ៊ុននេះត្រូវបានគេរំពឹងយ៉ាងមុតមាំថានឹងមានការកាត់បន្ថយភាគហ៊ុនរបស់ខ្លួន បន្ទាប់ពីការដួលរលំនៃកិច្ចព្រមព្រៀងលក់អ្នកឌីហ្សាញបន្ទះឈីប Arm ទៅ Nvidia៕