(សៀមរាប)៖ ទស្សនិកជនដែលនិយមតាមដាន កំពូលតារាហូលីវូដ Angelina Jolie ច្បាស់ជាបានដឹងហើយថា កាលពីចុងឆ្នាំ២០២១កន្លងទៅ មានដំណឹងថា តារារូបនេះគ្រោងមកលេងផ្ទះរបស់ខ្លួន នៅប្រទេសម្ពុជា ក្នុងឆ្នាំ២០២២ និងមានការងារមួយចំនួនដែលត្រូវបំពេញផងដែរ។ តែយ៉ាងណា ដូចការគ្រោងទុកមែន នៅពេលនេះ កំពូលតារាហូលីវូដ Angelina Jolie បានមកដល់ប្រទេសកម្ពុជា និងបានទៅពញ្ញាក់អារម្មណ៍បងប្អូនខេត្តសៀមរាប ត្បិតថានាង និងក្រុមការងាររបស់ខ្លួន កាលដែលមកដល់ប្រទេសកម្ពុជាហើយនោះ គឺមិនភ្លេចឡើយ ក្នុងការទៅទស្សនាប្រាសាទអង្គរ និងថែមទាំងបានផ្តិបរូបថតជាច្រើនសន្លឹកទុកជាអនុស្សាវរីយរ៍ផងដែរ។

យោងតាមផេកផ្លូវការរបស់លោកស្រី Angelina Jolie គឺបានបង្ហោះរូបភាពជាច្រើនសន្លឹក អំពីការធ្វើដំណើរកំសាន្តរបស់ខ្លួន នៅតំបន់អង្គរ ទឹកដីខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រាសាទដែលល្បីល្បាញជាងគេបំផុតក្នុងទ្វីបអាស៉ី។ ភ្ជាប់ជាមួយរូបភាព លោកស្រី Angelina Jolie បានសរសេរថា «Angelina Jolie in Angkor Wat, Cambodia» ឬ ជាភាសាខ្មែរថា «Angelina Jolie នៅតំបន់អង្គរវត្ត ប្រទេសកម្ពុជា»។

គួររំឭកថា កាលពីចុងឆ្នាំ២០២១កន្លងទៅ តាមរយៈផ្តល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី People កំពូលតារាសម្តែងហូលីវូដ និងជាម្ចាស់ពានរង្វាន់អូស្ការ លោកស្រី Angelina Jolie បានបង្ហើបឲ្យដឹងថា លោកស្រីមានគម្រោងត្រឡប់មកប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ ដើម្បីសម្ពោធកម្មវិធីចិញ្ចឹមសត្វឃ្មុំសម្រាប់ស្ត្រី (Woman for Bee) ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង់ ដែលផ្ទះរបស់លោកស្រី ក៏នៅក្នុងខេត្តនេះផងដែរ។

កំពូលតារាហូលីវូដ Angelina Jolie ទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០០៥ និងមានផ្ទះមួយក្នុងស្រុកសំឡូត នៃខេត្តបាត់ដំបង។ លោកស្រី ក៏បានទទួលយកកូនខ្មែរម្នាក់មានឈ្មោះថា Maddox ទៅចិញ្ចឹម តាំងពីកុមាររូបនោះមានវ័យ៧ខែ ពីមជ្ឈមណ្ឌលកុមារកំព្រា ខណៈបច្ចុប្បន្ន Maddox មានវ័យ២០ឆ្នាំហើយ៕