(ភ្នំពេញ)៖ ក្រុមជម្រើសជាតិ U23 កម្ពុជា បានអស់ឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U23 Championship 2022 ហើយ បន្ទាប់ពីក្រុម U23 វៀតណាម បានយកឈ្នះថៃ ត្រឹមលទ្ធផល ១-០ ក្នុងជំនួបបញ្ចប់ពូល C នៅកីឡដ្ឋានព្រីនស៍នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រកួតនេះ វៀតណាមបានបើកការនាំមុខថៃ ១គ្រាប់តែប៉ុណ្ណោះនៅនាទី២៩ បន្ទាប់ពីថៃព្យាយាមវាយសម្រុកខ្លាំងនៅដើមតង់ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ៩០នាទី ដោយវៀតណាមបានទទួលជ័យជម្នះ ១-០ ដើម្បីឈរកំពូលតារាងពូល C និងឡើងវគ្គបន្ដ។

រីឯក្រុម U23 ថៃ ទោះបីរបូត ៣ពិន្ទុ ក្នុងការប្រកួតចុងក្រោយនេះក៏ពិតមែន តែពួកគេបានជាប់ជាក្រុមលេខ២ ល្អជាងគេ ដោយមានប្រៀបគ្រាប់បាល់ចំណេញ ១គ្រាប់លើក្រុមគោព្រៃជំទង់កម្ពុជា ដែលមាន ៣ពិន្ទុស្មើគ្នា។

ចំពោះកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រចាំតំបន់នៅកម្ពុជានេះ គឺក្រុមឈរលេខ១ ពូល A U23 ទីម័រខាងកើត ត្រូវជួបក្រុមកំពូលតារាងពូល C វៀតណាម ខណៈក្រុមដំរីសឹកថៃ ត្រូវជួបក្រុមកំពូលតារាងពូល B ឡាវនាថ្ងៃទី២៤ ខែកុម្ភៈខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕