(អាមេរិក)៖ បវរកញ្ញាតំណាងរដ្ឋ អាឡាបាម៉ា ឆ្នាំ២០២១ កញ្ញា Zoe Sozo Bethel បានទទួលមរណភាពក្នុងវ័យ២៧ឆ្នាំ ក្នុងទីក្រុង Miami ពោលគឺមានរយៈពេលតែ៨ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាងបានជួបគ្រោះថ្នាក់ដ៏អាថ៌កំបាំងមួយ ដែលបណ្តាលឲ្យរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ។ នេះបើតាមអ្វីដែលក្រុមគ្រួសាររបស់នាង បង្ហោះជាដំណឹងលើបណ្តាញសង្គម ហើយត្រូវបានដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន Daily Mail នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

តាមអ្វីដែលក្រុមគ្រួសាររបស់នាង បង្ហោះលើបណ្តាញសង្គម គឺបានឲ្យដឹងថា កញ្ញា Zoe Sozo Bethel បានជួបគ្រោះថ្នាក់ដែលបណ្តាលឲ្យរងរបួសខួរក្បាលធ្ងន់ធ្ងរ ប៉ុន្តែមិនបានបញ្ជាក់លំអិតថា ជាហេតុការណ៍អ្វីឡើយ។ គ្រាន់តែបញ្ជាក់ថា គ្រោះថ្នាក់នោះ បានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងធ្វើឲ្យនាងសន្លប់បាត់បង់ស្មារតីរហូតមក ហើយក៏ស្លាប់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២តែម្តង។

ជុំវិញហេតុការណ៍នេះ ប៉ូលីសនៅទីក្រុង Miami មិនទាន់បញ្ជាក់លំអិតពីគ្រោះថ្នាក់របស់បវរកញ្ញា Zoe Sozo Bethel ឲ្យសាធារណជនបានដឹងឡើយ។

គួរជម្រាបថា កាលនៅមានជីវិតបវរកញ្ញា Zoe Sozo Bethel អាយុ ២៧ ឆ្នាំ ធ្លាប់តំណាងឲ្យ Cotton State ក្នុងការប្រឡងបវរកញ្ញាសម្រាប់អាមេរិកឆ្នាំ២០២១ ហើយនាងក៏ជាអ្នកអត្ថាធិប្បាយរឿងនយោបាយមួយរូប សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ RBSN ដែលជាប្រព័ន្ធផ្សព្វផ្សាយពួកអភិរក្សនិយម គាំទ្រអតីតប្រធានាធិបតីអាមេរិក លោក Donald Trump។ បវរកញ្ញារូបនេះ ក៏ត្រូវបានគេដឹងថា បានធ្វើកិច្ចការងារជាច្រើន ជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញផងដែរ៕