(ប៊ែរឡាំង)៖ Mercedes-Benz រំពឹងថានឹងមានរោងចក្រផលិតរថយន្តអគ្គីសនីផ្តាច់មុខ នៅពាក់កណ្តាលនៃទស្សវត្សរ៍នេះ សម្រាប់ផលិតតែរថយន្តអគ្គីសនីប៉ុណ្ណោះ ដើម្បីជំនួសឱ្យការរក្សាខ្សែសង្វាក់ផលិតកម្មឱ្យមានភាពបត់បែនស្របតាមតម្រូវការទីផ្សារជាសកល នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រធានផលិតកម្មលោក Joerg Burzer បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters ថា Mercedes-Benz មើលឃើញថា ខ្សែផលិតកម្មមួយចំនួនរបស់ខ្លួននៅក្នុងរោងចក្រនឹងផ្លាស់ប្តូរទាំងស្រុងទៅជាអគ្គីសនីក្នុងពេលឆាប់ៗនេះ។

ដោយលោកបានបន្តទៀតថា« ការបង្កើតរោងចក្រផលិតរថយន្តអគ្គីសនីពីអាគុយថ្មីទាំងស្រុងនេះត្រូវការពេលវេលា ហើយពួកយើងនឹងរៀបចំវិធីសាស្រ្តថ្មីផ្សេងទៀត» ដើម្បីជម្រុញឱ្យដំណើរការនេះលេចចេញវត្តមានយ៉ាងយូរឆ្នាំ២០២៥ ខាងមុខ។

ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតនេះនឹងចាប់ផ្តើមផលិតម៉ូដែល EQE របស់ខ្លួន ដែលបានប្រកាសបង្ហាញកាលពីខែកញ្ញា ឆ្នាំ២០២១ នៅឯពិព័រណ៍ IAA MOBILITY នៅចុងឆ្នាំនេះ ខណៈដែលការផលិតនឹងចាប់ផ្តើមដំបូងនៅរោងចក្រក្នុងទីក្រុង Bremen ប្រទេសអាល្លឺម៉ង់ បន្ទាប់មកនៅទីក្រុងប៉េកាំង និង Tuscaloosa រដ្ឋ Alabama ។

ចំពោះម៉ូដែល Mercedes-Benz EQE នេះគឺជាការសម្របតាមចរន្តអគ្គិសនីប្រភេទ E-class ដែលមានកម្រិតអតិបរមាដោយសាកថ្មតែម្តងអាចជិះបានរហូតដល់ទៅ ៦៦០គីឡូម៉ែត្រឯណោះ៕