(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនTesla លោក Elon Musk តាមរយៈមេធាវីរបស់លោកបានចោទប្រកាន់គណៈកម្មការមូលបត្រ (SEC) ថាបានលេចធ្លាយព័ត៌មានអំពីការស៊ើបអង្កេតសហព័ន្ធដើម្បីសងសឹកលោកចំពោះការរិះគន់ជាសាធារណៈចំពោះនិយតករហិរញ្ញវត្ថុសហព័ន្ធ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសារលិខិតមួយដែលបានផ្ញើរទៅកាន់ចៅក្រមស្រុកអាមេរិក លោកAlison Nathan តាមរយៈមេធាវីរបស់ Elon Musk គឺលោក Alex Spiro បានសរសេរថា «វាកាន់តែច្បាស់ ហើយកាន់តែជាងមុនទៀតថា គណៈកម្មការគឺចេញដីកាដើម្បីសងសឹកកូនក្តីរបស់ខ្ញុំចំពោះការអនុវត្តសិទ្ធិវិសោធនកម្មលើកទីមួយរបស់ពួកគេ ដោយបានរិះគន់គណៈកម្មការលើឯកសារសាធារណៈនិងដោយដាក់ញត្តិទៅតុលាការនេះដើម្បីបន្ធូរបន្ថយ»

ខណៈដែរលោក Alex Spiro មិនបានបញ្ជាក់ថាការ ស៊ើបអង្កេតមួយណាឬព័ត៌មានប្រភេទណាដែលត្រូវបានលេចធ្លាយដោយ SEC និងទៅកាន់នរណានោះទេ។ដោយគ្រាន់តែដឹងថានៅក្នុងសំបុត្រនោះលោកបានចោទប្រកាន់ថា យ៉ាងហោចណាស់សមាជិកម្នាក់នៃ SEC បានធ្វើឱ្យលេចធា្លយ «ព័ត៌មានជាក់លាក់ទាក់ទងនឹងការស៊ើបអង្កេតរបស់ខ្លួន» ដោយមិនផ្តល់ភស្តុតាងច្បាស់លាស់ណាមួយឡើយ។

គួរជម្រាបដែរថា ជម្លោះរវាង Musk និង SEC បានចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ២០១៨មកម្លេះ នៅពេលដែល SEC បានចោទប្រកាន់ Musk ពីបទធ្វើសេចក្តីថ្លែងការណ៍ «មិនពិត និង បំភាន់» ទៅកាន់វិនិយោគិន បន្ទាប់ពីលោកបានសរសេរនៅលើ Twitter កាលពីខែសីហាថា លោកបានទទួលមូលនិធិគ្រប់គ្រាន់សម្រាប់ការទិញលក្ខណៈឯកជនដ៏ធំរបស់ Tesla ដែលស្ថិតក្នុងតម្លៃ ៤២០ដុល្លារអាមេរិកក្នុងមួយហ៊ុនប៉ុណ្ណោះ៕