(ក្រុងឡុងដ៍)៖ Kai Havertz និង Christian Pulisic រកបានម្នាក់ ១គ្រាប់ដូចគ្នាជួយតោខៀវ Chelsea យកឈ្នះក្រុមភ្ញៀវមកពីបារាំង Lille ២-០ សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Champions League ឆ្លងចូលព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

ក្នុងប្រកួតដែលកីឡាករ Mateo Kovacic និង Hakim Ziyech ត្រូវបានប្តូរចេញដោយសាររបួសនោះ នៅពេលខ្សែប្រយុទ្ធ Romelu Lukaku អង្គុយកៅអីបម្រុងអត់បានលេងផងនោះ វាបានផ្តល់ឱកាសសម្រាប់ខ្សែប្រយុទ្ធអាល្លឺម៉ង់ Havertz ក្នុងការបញ្ចប់ទី និងគ្រប់គ្រងការប្រកួតស្ទើរទាំងស្រុងនៅកីឡដ្ឋាន Stamford Bridge។

អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel បានទម្លាក់ Lukaku មកអង្គុយកៅអីបម្រុងវិញ ដ្បិតបានប៉ះបាល់តែ ៧ដងប៉ុណ្ណោះនៅពេលពួកគេយកឈ្នះ Crystal Palace ១-០ ក្នុងលីគនាចុងសប្តាហ៍មុន ដោយជំនួសមកវិញដោយ Kai Havertz ដែលក៏ជាអ្នកស៊ុតគ្រាប់ជ័យជម្នះកាលផ្តាច់ព្រ័ត្រ UCL ពេលប៉ះ Man City ដែរ។

ដូចគ្នានោះដែរទាំង Kovacic និង Ziyech កំពុងស្ថិតក្នុងភាពមិនច្បាស់ពេល Chelsea ប៉ះ Liverpool ដណ្តើមពាន League Cup នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដ្បិតកីឡាករអន្តរជាតិប៊ែលហ្សិក Lukaku អាចបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងវិញ៕