(សៀមរាប)៖ ទស្សនិកជនបានជ្រាបមកហើយថា កំពូលតារាហូលីវូដល្បីឈ្មោះ លោកស្រី Angelina Jolie ដែលមានសញ្ជាតិខ្មែរផងនោះ បានមកដល់ប្រទេសកម្ពុជានាពេលថ្មីៗនេះ ហើយក៏បាននាំក្រុមការងាររបស់ខ្លួន ទៅកំសាន្តនៅរមណីយដ្ឋានអង្គរផងដែរ។ ទន្ទឹមនឹងគ្នានេះ មានទស្សនិកជនជាច្រើនបានសន្និដ្ឋានថា លោកស្រី Angelina Jolie ទំនងជាមានបេសកកម្មផ្ទាល់ខ្លួន នៅតំបន់រមណីយដ្ឋានអង្គរ ទើបនាំក្រុមការងារច្រើនទៅកាន់ទីនោះ។
យ៉ាងណាមិញ មូលហេតុពិតប្រាកដនោះ គឺត្រូវបានអាជ្ញាធរជាតិអប្បរា បញ្ជាក់យ៉ាងដូច្នេះថា តារាភាពយន្តហូលីវ៉ូដ Angelina Jolie មកបំពេញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រីកម្ពុជា និងជួយផ្សព្វផ្សាយតំបន់ទេសចរប្រវត្តិសាស្ត្រមួយនេះ ទៅកាន់ពិភពលោកផងដែរ។
លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការ នៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
កម្មវិធីចិញ្ចឹមឃ្មុំនេះ មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។
សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN «Women for bees» ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។ ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។
ការបង្ហាញវត្តមានដ៏សំខាន់ ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព៕