(ភ្នំពេញ)៖ តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី តាមរយៈការអញ្ជើញរបស់សមាគមតន្ត្រីសំនៀងជនពិការ បានរៀបចំវគ្គបណ្តុះបណ្តាល ផ្នែកចម្រៀងសម័យដល់អ្នកដែលមានពិការភាពភ្នែក និងកាយសម្បទា ចំនួន ៣៧នាក់ នៅសមាគមតន្រ្តីសំនៀងជនពិការ ស្ថិតនៅភូមិជំរាល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាល ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក៏មានការគាំទ្រចូលរួមពីលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអង្គការមូលនិធិសប្បុរសធម៌ តំណាងសង្កាត់គោករកា ព្រមទាំងក្រុមការងារសម្រាប់វគ្គបណ្តុះបណ្តាល ប្រមាណ ៦០នាក់។

តាមការឲ្យដឹងរបស់លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងបង្កើនសមត្ថភាព ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ផ្នែកចម្រៀងសម័យ ដល់ជនមានពិការភាព ដើម្បីមានចំណេះដឹង និងមានបទពិសោធន៍មួយដ៏ច្បាស់លាស់។

ជនពិការភ្នែកទាំងសងខាងរូបនេះ បានបន្ថែមថា នេះជាប្រវត្តិសាស្ត្រហើយ ព្រោះមិនដែលមានគ្រូជំនាញណា បង្រៀនជនពិការទេ មានតែការចេះតៗគ្នា ប៉ុន្តែលោកគ្រូ ហួរ ឡាវី បានស្ម័គ្រចិត្ត ដោយមិនទទួលបានថវិកាពីសមាគមអ្វីឡើយ ពោលគឺលោកបានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីសមាគមតន្ត្រីសំនៀងជនពិការនេះ។

ក្នុងឱកាសនោះដែរ លោកគ្រូ ហួរ ឡាវី បានបញ្ជាក់ថា លោកបានឃើញ ក៏ស្រឡាញ់ និងអាណិតអាសូរ អ្នកមានពិការភាពទាំងអស់។ លោកសន្យាថា នឹងខិតខំជំរុញឲ្យពួកគាត់ ក្លាយជាសិល្បករ និងសិល្បការិនី ដោយចេះជំនាញនេះយ៉ាងពិតប្រាកដ។

បើតាមលោកស្រី មុំ ចាន់ដានី បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់បំផុត អំពីព្រះមហាក្សត្រ សម្តេចម៉ែ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឥស្សរជនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក វង្ស សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាលោកស្រី ញ៉ែម មរកត ប្រធានកិត្តិយសមាគមសន្ត្រីសំនៀងជនពិការ ធ្វើឲ្យជនពិការនៅក្នុងសមាគម និងទៅទូទាំងប្រទេស មានក្តីសង្ឃឹមក្នុងជីវិតយ៉ាងខ្លាំង។

សូមជម្រាបថា ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ មានការប្រឡង ហើយលោកគ្រូ ហួរ ឡាវី បានជ្រើសរើសម្ចាស់ជ័យលាភី ដូចខាងក្រោម៖

* ម្ចាស់សំនៀងឯក មាន ៧នាក់ រួមមាន៖ ឈុត ឌិត ភេទប្រុស ទទួលបានលេខ១, ឆៃ ហាក់ ភេទស្រី ទទួលបានលេខ២, ប្រាក់ សារ៉ាន់ ភេទប្រុស ទទួលបានលេខ៣, ស៉ីម ស៊ាងយី ភេទស្រី ទទួលបានលេខ៤, គីម ណី ភេទស្រី ទទួលបានលេខ៥, ណម សាវ៉ុន ភេទស្រី ទទួលបានលេខ៦, និង ចាប គឿន ភេទប្រុស ទទួលបានលេខ៧។

* បេក្ខជនបម្រុង មាន ៨នាក់ រួមមាន៖ រឿន រិន ភេទប្រុស ទទួលបានលេខ១, ជា ផានិត ភេទប្រុស ទទួលបានលេខ២, ឆឺយ សារ៉ា ភេទស្រី ទទួលបានលេខ៣, ស៊ុន បូរី ភេទប្រុស ទទួលបានលេខ៤, រ៉េន រឺយ ភេទប្រុស ទទួលបានលេខ៥, ពៅ តាំងឈឺ ភេទស្រី ទទួលបានលេខ៦, ឡាច រីណា ភេទប្រុស ទទួលបានលេខ៧, និង ឡាច ស្រីណេត ភេទស្រី ទទួលបានលេខ៨៕