(កូរ៉េ)៖ ផលិតកកម្ម Big Hit Music ទើបតែបានប្រកាសនៅលើបណ្តាញសង្គម Twitter អំពីព្រឹត្តិការណ៍ប្រគំតន្ត្រីបន្ថែមមួយទៀត របស់ក្រុមចម្រៀង BTS ដែលមានឈ្មោះថា «Permission To Dace On stage» ដែលនឹងធ្វើនៅ Las Vegas សហរដ្ឋអាមេរិក នៅទីតាំង Allegiant Stadium។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Soompi នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

តាមគម្រោងការប្រគំតន្ត្រីរបស់ BTS នៅ Las Vegas នេះ នឹងធ្វើពីថ្ងៃទី៨-៩ និងពីថ្ងៃទី១៥-១៦ ខែមេសា ខាងមុខនេះ ខណៈនៅថ្ងៃទី១៦ នឹងបញ្ចាំងផ្ទាល់តាមអនឡាញ ហើយថ្ងៃផ្សេងទៀត នឹងមានការផ្សាយបន្តផ្ទាល់ នៅលើអេក្រង់ធំនៅសង្វៀន MGM Grand Garden Arena នៅក្នុងព្រឹត្តិការណ៍ «Live Play»។

ជាការពិតណាស់ ការប្រគំតន្ត្រី «Permission To Dace On stage» របស់ BTS កាលពីអំឡុងខែតុលា ឆ្នាំ២០២១ កន្លងទៅ គឺមិនមានអ្នកចូលរួមផ្ទាល់នោះទេ ពោលគឺតាមអនឡាញសុទ្ធតែម្តង ដោយសារតែវិធានការរឹតបន្តឹង នៃជំងឺកុវីដ-១៩។ បន្ទាប់មក BTS បាននាំយកការប្រគំតន្ត្រី ទៅកាន់ទស្សនិកជនដោយផ្ទាល់ នៅឯកីឡដ្ឋាន SoFi ក្នុងទីក្រុង Los Angeles ក្នុងរយៈពេល៤ យប់ចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា និងថ្ងៃទី១-២ខែធ្នូ។

ដោយឡែកក្នុងឆ្នាំ២០២២នេះ ការប្រគំន្រ្តីទោលរបស់ក្រុម BTS ឈ្មោះថា «Permission To Dance On Stage - Seoul» ក្រៅពីប្រកាសធ្វើនៅអាមេរិកហើយនោះ វាក៏នឹងធ្វើឡើងនៅកូរ៉េផ្ទាល់ ចាប់ពីថ្ងៃទី១០-១៣ ខែមីនា ឆ្នាំ២០២២នេះ នៅពហុកីឡដ្ឋាន ទីក្រុងសេអ៊ូលផ្ទាល់។ អ្វីដែលពិសេស នឹងមានការផ្សាយផ្ទាល់ក្នុងពេលដំណាលគ្នា នៅលើ Online ពោលគឺការសម្តែងរបស់ពួកគេ និងមានទាំងការទស្សនាដោយផ្ទាល់ផង និងលើការផ្សាយផ្ទាល់តាម Online ផង ដើម្បីជាភាពងាយស្រួលសម្រាប់អ្នកគាំទ្រក្រៅប្រទេស ដែលចង់ទស្សនាការសម្តែងរបស់ BTS៕