(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ធសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញផ្តល់កិត្តិយសកាត់ខ្សែបូរ បើកសម្ពោធហាងគ្រឿងអលង្ការ ធីអែនអិល T&L JEWELRY របស់លោកស្រី លាង ធារ៉ា ដើម្បីជាការជូនពរជ័យលើមុខជំនួញនេះកាន់តែជោគជ័យ និងពង្រីកសាខាបន្តបន្ទាប់ទៀត។

លោកស្រី លាង ធារ៉ា ម្ចាស់ក្រុមហ៊ុន Theara Leang Co.,Ltd ត្រូវបានគេស្គាល់ថា ជាស្ត្រីដែលមានរូបសម្រស់ស្រស់ស្អាត ឆ្លាត ហើយពូកែ និងអ្នកមានគាំទ្រច្រើនលើជំនួញរបស់លោកស្រី តាមរយៈបណ្ដាញសង្គម។

ពីស្រ្តីមេផ្ទះម្នាក់ ក្នុងរយៈពេលជាង៤ឆ្នាំ លោកស្រីបានវិវត្តន៍ខ្លួនពីអ្នកលក់អនឡាញធម្មតា ក្លាយជាម្ចាស់អាជីវកម្មធំៗដូចជា៖ ហាងលក់កាបូប និងសម្លៀកបំពាក់នារី T&L Fashion, ផលិតផលថែរក្សាសម្ផស្សម៉ាកយីហោខ្មែរ ធីអែនអិលនែតឈើរ៉ល T&L Natural ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនកម្ពុជា, មជ្ឍមណ្ឌលថែរក្សាសម្រស់ T&L Beauty Center ដែលមានអតិថិជនជាច្រើន កំពុងបានទទួលសេវាកម្ម។

ជាក់ស្ដែង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកស្រី ក៏បានប្រារព្ធពិធីកាត់ខ្សែបូរសម្ពោធហាងគ្រឿងអលង្ការ ធីអែនអិល T&L JEWELRY ដ៏ធំមួយទៀត ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោកស្រី លាង ធារ៉ា គឺជាភរិយារបស់លោកឧកញ៉ា ឌី ជោត ដែលលោកទាំងពីរអាចចាត់ទុកថា ជាគ្រួសារគំរូមួយនៅលើបណ្តាញសង្គម ដែលមិនធ្លាប់មានរឿងអាស្រូវគ្រួសារឡើយ មិនតែប៉ុណ្ណោះពួកគាត់តែងតែធ្វើសកម្មភាព ចែករំលែកនូវបទពិសោធន៍រស់នៅល្អៗ ដល់អ្នកគាំទ្រជាច្រើន ជាពិសេសសមាជិកគ្រួសារស្រ្តីធីអែនអិល តាមរយៈការធ្វើសិក្ខាសាលា និងនៅលើបណ្តាញសង្គមនានា ប្រជាប្រិយរបស់ពួកគាត់ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកើនឡើងជាលំដាប់។

លោកស្រី បានបញ្ជាក់ថា «ជាស្រ្តីមិនមែនកើតមកសម្រាប់តែធ្វើកិច្ចការផ្ទះ និងមើលថែគ្រួសារតែប៉ុណ្ណឹងទេ យើងត្រូវមានឆន្ទៈ និងមហិច្ឆតាឲ្យធំ ហ៊ានស្រម៉ៃឲ្យធំ ដាក់គោលដៅឲ្យច្បាស់ ហើយធ្វើសកម្មភាពទៅរកគោលដៅ ដើម្បីសម្រេចក្តីសុបិន្តរបស់យើង។ ជាក់ស្តែងរូបខ្ញុំផ្ទាល់បានធ្វើការតស៊ូ មិនព្រមចុះចាញ់រាល់ឧបសគ្គទាំងឡាយ នៅក្នុងដំណើរជីវិតជាសហគ្រិន ដើម្បីសម្រេចគោលដៅ ហើយទន្ទឹមនិងនេះផងដែរ យើងត្រូវតែបន្តការរៀនសូត្ររហូតជាប់ជានិច្ច»។

ជាចុងក្រោយ លោកស្រីបានបញ្ជាក់ថា យើងត្រូវតែចេះរីករាយ ហើយមានមោទនភាព ចំពោះលទ្ធផលនៃភាពរីកចំរើនដែលខ្លួនទទួលបាន ពីសកម្មភាពរបស់យើង កុំប្រៀបធៀបជាមួយអ្នកដ៏ទៃ សំខាន់ត្រូវតែធ្វើឲ្យមានកំណើនជានិច្ច៕