(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រការគ្រប់គ្រងសំណល់ក្នុងសហគមន៍ ឲ្យកាន់តែប្រសើរនៅប្រទេសកម្ពុជា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាននិងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់ពង្រាយធុងបែងចែកសំរាម នៅក្នុងរាជធានី។

ធុងបែងចែកសំរាមចំនួន ៥០ឈុត (១៥០ធុង) នឹងត្រូវដាក់នៅតាមសួនច្បារសាធារណៈធំៗ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយជំរុញការអនុវត្តរបស់ប្រជាពលរដ្ឋ ឲ្យធ្វើការបែងចែកសំរាមឲ្យបានត្រឹមត្រូវ។

ពិធីប្រគល់និងទទួលធុងបែងចែកសំរាម ដែលបានរៀបចំធ្វើឡើង ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក DAVID WIGGLESWORTH អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា។

ភាពជាដៃគូនេះ គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជាក្រោមចក្ខុវិស័យ «ពិភពលោកគ្មានសំរាម» ដើម្បីឈានទៅសម្រេចបានឲ្យចេញជារូបរាងជាក់ស្តែងនៅកម្ពុជា។

គំនិតផ្តួចផ្តើមនេះ បានដាក់អនុវត្តនៅកម្ពុជាចាប់ពីឆ្នាំ២០២០ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ លើការបែងចែក និងកែច្នៃសំណល់ឡើងវិញ។

ក្រុមហ៊ុន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការដាក់ពង្រាយធុងសំរាម ប្រមាណ៨៥០ធុង នៅតាមទីសាធារណៈ ផ្សារ សាលារៀននានា ចំនួន ១២០ទីតាំងនៅទូទាំងប្រទេសរួចមកហើយ។

លោក នួន ផារ័ត្ន បានថ្លែងថា «រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យុទ្ធសាស្ត្រកាត់បន្ថយ និងគ្រប់គ្រងកាកសំណល់ ដោយចាប់ផ្តើមពីការអប់រំប្រជាពលរដ្ឋ អំពីការគ្រប់គ្រងសំរាមរបស់ខ្លួន។ យើងគាំទ្រដល់ចក្ខុវិស័យរបស់វិស័យឯកជន រួមទាំងក្រុមហ៊ុន កូកា-កូឡា ផងដែរ ក្នុងការរួមចំណែកឆ្ពោះទៅរកសហគមន៍កាន់តែស្អាត និងបៃតងនៅក្នុងរាជធានីភ្នំពេញ»

លោកបន្ដថា ក្នុងន័យនេះ ចក្ខុវិស័យរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ពិតជាបានចូលរួមចំណែកក្នុងការគាំទ្រ ដល់ការអនុវត្តផែនការយុទ្ធសាស្រ្តរបស់រដ្ឋបាលរាជធានីភ្នំពេញ និងជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងបរិស្ថាន។ យើងកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុងការលើកកម្ពស់ការបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងការប្រមូលសំរាមនៅក្នុងសហគមន៍ ហើយយើងសង្ឃឹមថា ប្រជាពលរដ្ឋ និងសហគមន៍កាន់តែច្រើនថែមទៀត នឹងចូលរួមធ្វើការងារជាមួយយើងក្នុងការការពារបរិស្ថានរបស់យើង ដោយចាប់ផ្តើមចេញពីទង្វើសាមញ្ញដោយគ្រាន់តែបែងចែកសំរាម ឲ្យបានត្រឹមត្រូវ និងការកែច្នៃសំរាមឡើងវិញ»។

ឈុតបែងចែកសំរាមនីមួយៗ មានភា្ជប់ជាមួយនូវសារអប់រំ រំលឹកប្រជាពលរដ្ឋពីការទុកដាក់សំណល់ប្លាស្ទិក ឲ្យដាច់ដោយឡែកពីសំណល់ផ្សេងទៀត ដូចជាសំណល់អាលុយម៉ីញ៉ូម ដប និងសំណល់ទូទៅជាដើម។

ការបែងចែកសំណល់ប្លាស្ទិកបានត្រឹមត្រូវ នឹងធ្វើឲ្យសំណល់ប្លាស្ទិកដែលអាចកែច្នៃបាន កាន់តែមានឱកាសទទួលបាន ការប្រើប្រាស់ឡើងវិញ ទទួលបានការកែច្នៃប្រើប្រាស់ឡើងវិញ និងអាចបង្កើតបានជាវត្ថុដែលមានប្រយោជន៍ម្ដងទៀត។

ក្នុងពិធីប្រគល់ធុងបែងចែកសំណល់នេះ លោក DAVID WIGGLESWORTH អគ្គនាយកក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានថ្លែងថា «ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន និងកំពុងធ្វើការយ៉ាងសកម្មលើការលើកកម្ពស់ការប្រមូល និង កែច្នៃ សំបកវេចខ្ចប់ប្លាស្ទិកផលិតផលរបស់យើង រួមមាន ដបប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន ក៏ដូចជាស្បោងប្លាស្ទិករុំផលិតផលរបស់យើង»

លោកបន្ដថា «នេះគឺជាផ្នែកមួយនៃសកម្មភាពអាទិភាពរបស់យើងឆ្ពោះទៅកាន់គោលដៅជាសកល ដើម្បីសម្រេចបាន នូវការប្រមូល និងកែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងទាំងអស់ដែលយើងលក់នៅលើទីផ្សារ នៅត្រឹមឆ្នាំ២០៣០»

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តពន្លឿនកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការប្រមូល និងកែច្នៃឡើងវិញនៅទូទាំងប្រទេស។ នៅដើមឆ្នាំ២០២០ ក្រុមហ៊ុនបានចេញលក់ទឹកពិសាដាសានីចំណុះ ៣៥០ មីលីលីត្រ ដែលមានសំបកដបដំបូងផលិតពីប្លាស្ទិកដែលបានកែច្នៃរួច ១០០% ឬហៅថា «Recycled PET / rPET»

គិតត្រឹមឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និងក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក កូកា-កូឡា កម្ពុជា បានប្រមូល និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន ១.៤៥០តោន។ ដើម្បីស្វែងយល់បន្ថែមទៀតអំពីចក្ខុវិស័យ «ពិភពលោកគ្មានសំរាម» របស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ឬតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន៖ facebook.com/Cambodia Beverage Company Ltd ៕