(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានជូនដំណឹងអំពីការរៀបចំកម្មវិធីមហោស្រពអាហារនិម្មិត (Virtual Food Festival) សប្តាហ៍ទី៣ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២ទៅម៉ោង៣រសៀល ដោយមានការ Live ផ្ទាល់ចេញពីទំព័រ Facebook ថ្មីរបស់ក្រសួងទេសចរណ៍ «Rediscover The Wonders Of Cambodia» និងទំព័រ Facebook «ក្រសួងទេសចរណ៍ Ministry of Tourism» ផងដែរ។

គួរជម្រាបថា ក្នុងកំលុងខែកុម្ភៈនេះ ទីភ្នាក់ងារប្រឹក្សាយោលបល់ រេដហ៊ីល ខមម្ញូនីខេសិន (ខេមបូឌា) បានរៀបចំកម្មវិធីមហោស្រពអាហារនិម្មិត (Virtual Food Festival) ដែលប្រារព្ធឡើងក្នុងមួយសប្តាហ៍ម្តងក្នុងរយៈពេល៤សប្តាហ៍ជាប់ៗគ្នា ដោយមានដៃគូភោជនីយដ្ឋានផ្សេងៗសហការជាមួយក្រសួងទេសចរណ៍ ដើម្បីបង្កើតកម្មវិធីនេះឡើងដោយដាក់បង្ហាញមុខម្ហូបខ្មែរតាមតំបន់ជាច្រើនឲ្យប្រជាជនទូទៅបានស្គាល់ម្ហូបខ្មែរល្បីៗបន្ថែមទៀត។

សម្រាប់សប្តាហ៍ទី៣នៃកម្មវិធីមហោស្រពអាហារនិម្មិត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្អែកនេះ នឹងប្រព្រឹត្តទៅវេលាម៉ោង២ទៅម៉ោង៣រសៀល ដោយមានការ Live ផ្ទាល់ចេញពីទំព័រ Facebook ថ្មីរបស់ក្រសួងទេសចរណ៍ Rediscover The Wonders Of Cambodia (tasthewondersofcambodia) ដែលផ្សាយចេញពីភោជនីយដ្ឋាន Eleven One Kitchen ក៏ដូចជាមានការចូលរួមពីភោជនីយដ្ឋានសំបុក រមណីយដ្ឋានពិកនិក ភោជនីយដ្ឋានចាណាងជនជាតិដើម និងហាងបង្អែមនាសា រួមជាមួយពិធីការនី សុក សុកន្និដ្ឋា ផងដែរ ដើម្បីបង្ហាញពីមុខម្ហូបខ្មែរល្បីៗពីភោជនីយដ្ឋានរបស់ពួកគេ និងដើម្បីផ្សព្វផ្សាយជាសាធារណៈនូវម្ហូបខ្មែរបែបប្រពៃណីដ៏ឈ្ងុយឆ្ងាញ់នៅទូទាំងប្រទេស។

ម្ហូបខ្មែរពិតជាមានសារៈសំខាន់ដែលគួរតែមានកិត្តិនាមដូចប្រាសាទអង្គរដ៏អស្ចារ្យរបស់ខ្មែរផងដែរ ដោយសម្បូរទៅ ដោយរសជាតិមានលក្ខណៈចម្រុះជាមួយនឹងរសជាតិពិសេសដែលភ្ជាប់ទៅនឹងតំបន់ផ្សេងៗនៅប្រទេសកម្ពុជា ព្រមទាំងមានគ្រឿងផ្សំស្រស់ៗ។

ក្រសួងទេសចរណ៍បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងក្នុងស្រុក និងអន្តរជាតិចូលរួមតាមដានតំបន់ទេសចរណ៍ធម្មជាតិក្នុងស្រុក និងលើកកម្ពស់ម្ហូបអាហារខ្មែរ តាមរយៈទំព័រ Facebook និង Instagram របស់ក្រសួង Rediscover The Wonders Of Cambodia។

លើសពីនេះទៀត ក្រសួងទេសចរណ៍ក៏បានណែនាំគេហទំព័រថ្មី២ទៀតសម្រាប់ការផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិនៅកម្ពុជា www.ecocambodia.org និងម្ហូបអាហារខ្មែរ www.tastecambodia.org ដែលនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ជាមួយនឹងវប្បធម៌ដ៏អស្ចារ្យនៅប្រទេសកម្ពុជា៕