(បរទេស)៖ ក្រុមហ៊ុន Audi និង Verizon កំពុងសហការគ្នាដើម្បីបន្ថែមការតភ្ជាប់ 5G ទៅកាន់យានយន្តចាប់ពីឆ្នាំ២០២៤ ខណៈដែលការតភ្ជាប់នោះគឺផ្តោតទៅលើដំណើរការកម្មវិធីនៅក្នុងរថយន្តកាន់តែប្រសើរជាងមុន សមត្ថភាពចាក់តន្ត្រី និងល្បឿនវីដែអូកាន់តែលឿនជាងមុនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ The Verge នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមហ៊ុន Audi និង Verizon បានបង្ហាញថា ផែនការនេះគឺដើម្បីនាំយកបច្ចេកវិទ្យា 5G UltraWideband ទៅកាន់ក្រុមហ៊ុនផលិតរថយន្ត ដោយចាប់ផ្តើមពីម៉ូដែលឆ្នាំ ២០២៤ ដោយការតភ្ជាប់នេះនឹងត្រួសត្រាយផ្លូវសម្រាប់មុខងារថ្មីៗដូចជា «សេវាទូរស័ព្ទចល័ត, មុខងារថ្មីសម្រាប់ជំនួយទៅដល់អ្នកបើកបរ និងការច្នៃប្រឌិតដែលអាចប្រើការតភ្ជាប់ការបើកបរដោយស្វ័យប្រវត្តិនាពេលអនាគត»

ជាក់ស្តែង Audi បានបង្ហាញពីជំហររបស់ខ្លួនថាជាក្រុមហ៊ុនផលិតរថយន្តដំបូងគេដែលបានតភ្ជាប់ Wi-Fi នៅក្នុងរថយន្ត ក៏ដូចជាការតភ្ជាប់ 4G LTE ដោយចាប់ផ្តើមជាមួយនឹងរថយន្ត Audi A3 sedan ក្នុងឆ្នាំ ២០១៥កន្លងទៅ។ ខណៈដែរលោក Filip Brabec អនុប្រធានជាន់ខ្ពស់ផ្នែកផែនការផលិតផលនៅក្រុមហ៊ុន Audi របស់អាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងស្ថិតក្នុងចំណោមអ្នកផលិតដំបូងគេដែលនាំយកការតភ្ជាប់ជំនាន់ក្រោយទៅកាន់អតិថិជនរបស់យើងនៅសហរដ្ឋអាមេរិក»

ដោយឡែក Audi ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដំបូងគេដែលពិសោធន៍ជាមួយការទំនាក់ទំនង V2X ដោយបង្ហាញពីលក្ខណៈពិសេសថ្មីដែលអនុញ្ញាតឱ្យរថយន្តរបស់ខ្លួនភ្ជាប់ទំនាក់ទំនងជាមួយប្រព័ន្ធចរាចរណ៍ក្រុងដើម្បីធ្វើ ការទស្សន៍ទាយដ៏ឆ្លាតវៃអំពីស្ថានភាពចរាចរណ៍។ ប៉ុន្តែឧស្សាហកម្មរថយន្តនៅមានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា V2X ដោយការចេញលក់គឺមានចំនួនរិចតួចមែនទែន ខណៈដែលមានក្រុមហ៊ុនផលិតរថយន្តមួយចំនួនទៀតក៏ធ្លាប់បានដំឡើងដែរដូចជា Mercedes បានដំឡើងឧបករណ៍ V2V ទាំងនៅក្នុងម៉ូដែល E-Class ២០១៧ និង ម៉ូដែល ២០១៨ S-Class ហើយ ក្រុមហ៊ុន General Motors ក៏បានណែនាំ V2V នៅក្នុងម៉ូដែល Cadillac CTS ក្នុងឆ្នាំ ២០១៧ ផងដែរ។

គួរជម្រាបដែរថា បច្ចុប្បន្ននេះមានក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតក៏កំពុងធ្វើកិច្ចព្រមព្រៀងដើម្បីនាំយក 5G ទៅក្នុងរថយន្តរបស់ពួកគេផងដែរ ដោយកាលពីឆ្នាំមុន ក្រុមហ៊ុន General Motors និង AT&T បានធ្វើកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ដើម្បីបំពាក់រថយន្តម៉ាក Chevrolet, Buick, Cadillac និង GMC ទាំងអស់ជាមួយនឹង 5G ឆ្នាំ ២០២៤ ៕