(សៀមរាប)៖ ធនាគារ វីង ធ្វើការជាមួយ អង្គការ បេះដូងរួមគ្នា ដើម្បីផ្តល់ស្បៀងអាហារដល់១១១គ្រួសារ នៅខេត្តសៀមរាប។

ធនាគារ វីង ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប បានចាប់ដៃគូជាមួយ បេះដូងរួមគ្នា ដែលជាអង្គការ សប្បុរសធម៌អូស្ត្រាលីមួយ ដើម្បីបរិច្ចាគអាហារទៅគ្រួសារ ដែលងាយរងគ្រោះ នៅក្នុងខេត្តសៀមរាប។

ក្រោមការសម្របសម្រួលរបស់ អង្គការ បេះដូងរួមគ្នា មានគ្រួសារចំនួន១១១ បានទទួល អង្ករ អាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈអនាម័យជាដើម។

លោកស្រី ទាប សុភី អាយុ៤៧ឆ្នាំ គឺជាស្ត្រីម្នាក់ក្នុងចំណោម១១១គ្រួសារ ដែលបានទទួលការគាំទ្រពីធនាគារវីង។

លោកស្រី បានបាត់បង់ប្តីជាទីស្រលាញ់អស់រយៈពេល៥ឆ្នាំមកហើយ ព្រមទាំងកំពុងរស់នៅជាមួយជំងឺប្រចាំកាយផងដែរ។ រស់នៅក្នុង ឃុំស្វាយដង្គុំ ខេត្តសៀមរាប ជីវភាពគ្រួសារលោកស្រីពឹងផ្អែកទាំងស្រុងលើមុខរបរបេះបន្លែ ក្នុងព្រៃនៅក្បែរភូមិ។

លោកស្រី សុភី បាននិយាយថា «តាំងពីមានជំងឺកូវីដ-១៩ រាតត្បាតមក វាពិបាកលក់បន្លែនៅឯផ្សារណាស់ ដោយសារ មនុស្សជាច្រើនភ័យខ្លាចឆ្លងជំងឺ។ ពេលខ្លះខ្ញុំត្រលប់មកផ្ទះវិញជាមួយនឹងបន្លែដែលលក់នៅសល់ទាំងអស់។ អញ្ចឹងហើយ ទើបខ្ញុំមិនអាចរកប្រាក់បានច្រើនឡើយ។ តាមរយៈអង្គការ បេះដូងរួមគ្នា ធនាគារវីងបានជួយឲ្យពួកខ្ញុំមានអាហារហូបចុក នៅគ្រាដ៏លំបាកនេះ។ សូមអរគុណធនាគារវីង ដែលជួយ»

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានថ្លែងថា «អស់រយៈពេលជាង១៣ឆ្នាំ នៃការធ្វើអាជីវកម្មរបស់យើង កន្លងមកនេះ ការរីកធំធាត់នៃធនាគារ វីង គឺអាស្រ័យឡើងដោយការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ និងដៃគូសហគមន៍ជាច្រើនទៀត។ ដើម្បីផ្តល់ជូនត្រឡប់ទៅសហគមន៍វិញ យើងបានយកចិត្តទុកដាក់ ជួយដល់ប្រជាជនដែលងាយរងគ្រោះ។ យើងពិតជារំភើបចិត្តយ៉ាងខ្លាំងដែលបានទទួលដំណឹងថា ជំនួយស្បៀងអាហាររបស់យើងបានជួយដល់គ្រួសារមួយចំនួនក្នុងកំឡុងពេលដ៏ពិបាកនេះ»

តាមរយៈការបរិច្ចាគនេះ ធនាគារ វីង បាននឹងកំពុងគាំទ្រ អង្គការបេះដូងរួមគ្នាដើម្បីបន្តសកម្មភាពសប្បុរសធម៌នេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយបន្តរហូតដល់ខែ មេសា ឆ្នាំ២០២២។

លោកស្រី Wendy O'Brien អ្នកគ្រប់គ្រងទូទៅនៃអង្គការ បេះដូងរួមគ្នា បានថ្លែងថា «ដោយសារជំងឺកូវីដ-១៩ គ្រួសារជាច្រើនបានកំពុងជួបទុក្ខលំបាក។ ជំនួយរបស់ធនាគារ វីង បានធ្វើឲ្យគ្រួសារទាំងនោះ អាចរួចផុតពីសេចក្តី ស្រែកឃ្លាន ហើយបានជួយគាំទ្រអង្គការបេះដូងរួមគ្នា អាចពង្រីកសេវាកម្មបន្ថែមទៀត ដើម្បីជួយដល់អ្នក ដែលកំពុងមានតំរូវការបំផុត»

បង្កើតឡើងក្នុងឆ្នាំ២០០៥ បេះដូងរួមគ្នា ជាអង្គការ អូស្រ្តាលីមួយ ដែលផ្តល់ការអប់រំ កម្មវិធីស្បៀងអាហារ លំនៅដ្ឋាន ស្វែងរកការងារ និងជួយទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ អណ្តូងទឹក និងបង្គន់ជាដើម។ ពួកគេផ្តល់ការគាំទ្រទាំងនេះ ដល់គ្រួសារដែលងាយរងគ្រោះ ដើម្បីឲ្យពួកគេមានក្តីសង្ឃឹម និងមានឱកាសឈានទៅរកអនាគតដ៏ភ្លឺស្វាង។

ជាមួយនឹងចក្ខុវិស័យក្នុងការផ្តល់សេវាហិរញ្ញវត្ថុដើម្បីកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារវីង បានគាំទ្រដល់កុមារ ស្រ្តី យុវជន និងសហគ្រាសធុនតូច និងមធ្យម តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើន ។

កន្លងមកនេះ វីងបានធ្វើការសហការជាមួយ អង្គការស្នាមញញឹមកម្ពុជា អង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍសង្គម អង្គការម្លប់តាប៉ាង និង មជ្ឈមណ្ឌលរក្សាកុមារក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC)ជាដើម។

ជាងនេះទៅទៀត វីងបានគាំទ្រដល់មន្ទីរពេទ្យ គន្ធបុប្ផា មន្ទីពេទ្យកុមារអង្គរ និងបានគាំទ្រសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ធនាគារ វីង ក៏ប្តេជ្ញាពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីជួយសហគមន៍ងាយរងគ្រោះទូទាំងប្រទេស។ ជានិន្នាការសកល ក្រុមហ៊ុនទាំងឡាយមិនត្រឹមតែបម្រើសេវាកម្មដល់អតិថិជនរបស់ពួកគេប៉ុណ្ណោះទេ ពួកគេក៏ត្រូវតែផ្តល់ផលប្រយោជន៍ ដ៏សមស្របត្រឡប់ទៅសហគមន៍ដែលគេបានបម្រើផងដែរ។ ធនាគារវីងនឹងបន្តស្វែងរកវិធីថ្មីៗដើម្បីជួយដល់សហគមន៍នានា៕