(ភ្នំពេញ)៖ ពិធីពិសារភោជនាហារពេលល្ងាច សម្រាប់ជ័យលាភីពានរង្វាន់ឆ្នើមបំផុត ក្នុងកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ2021 ដែលរៀបចំដោយ PropertyGuru ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ2022។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ។

យោងតាមព័ត៌មានបានឱ្យដឹងថា គម្រោង ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានឈ្នះពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Development Award) ហើយព្រីនស៍ ហេបភីនេស ផ្លាហ្សា ក៏ជាគម្រោងអគារពហុមុខងារដំបូងគេបង្អស់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបដែលទទួលបានពានរង្វាន់នេះ។

PropertyGuru Asia Property Awards គឺជាកម្មវិធីផ្តល់ពានរង្វាន់អចលនទ្រព្យដ៏ធំបំផុត និងមានកិត្តិនាមបំផុតក្នុងតំបន់ ហើយត្រូវបានគេស្គាល់ថាជានិមិត្តសញ្ញាល្អបំផុតនៃឧត្តមភាពឧស្សាហកម្មក្នុងវិស័យអចលនទ្រព្យនៅអាស៊ី។
ដោយមានអ្នកជំនាញឯករាជ្យក្នុងវិស័យអចលនទ្រព្យ និងនិយតករដែលគួរជាទីទុកចិត្ត បានធ្វើឱ្យពានរង្វាន់នេះមានកេរ្តិ៍ឈ្មោះល្បីរន្ទឺគ្មានគូប្រៀប ព្រោះតែពានរង្វាន់នេះផ្តល់នូវយុត្តិធម៌ ភាពអាចទុកចិត្តបាន និងតម្លាភាព។ គិតមកទល់បច្ចុប្បន្ននេះ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards បានប្រារព្ធធ្វើឡើងចំនួន 6 លើកមកហើយ។

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា បន្ទាប់ពីការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងពេញលេញ នៅនឹងគម្រោងផ្ទាល់ដោយក្រុមអ្នកជំនាញអចលនទ្រព្យ ដែលមានកិត្តិនាមល្បីល្បាញទាំងក្នុង និងក្រៅប្រទេស គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានភាពលេចធ្លោក្នុងចំណោមគម្រោងជាច្រើន ដែលចូលរួមក្នុងការប្រកួត ហើយទទួលបានការពេញចិត្តពីគណៈកម្មការ និងបានឈ្នះពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Development)។ សមិទ្ធផលនេះពិតជាធ្វើឱ្យយើងរំភើបខ្លាំងណាស់ ហើយខ្ញុំនិងមិត្តរួមការងារទាំងអស់ ក៏មានមោទកភាពយ៉ាងខ្លាំងផងដែរ ព្រោះនេះបង្ហាញថា គម្រោងរបស់យើងត្រូវបានទទួលស្គាល់ ដោយក្រុមអ្នកជំនាញ ដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យ។

ព្រីនស៍ ហបភីនីស ផ្លាហ្សា គឺជាគម្រោងដ៏សំខាន់មួយទៀត នៅក្នុងប្លង់អភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ ក្នុងនាមជាតំបន់រស់នៅបែបយុវជនលំដាប់ថ្នាក់អន្តរជាតិដំបូងគេបង្អស់នៅភ្នំពេញ និងជាស្នាដៃចម្បងមួយរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្នុងគោលបំណងកសាងជីវិតឱ្យកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានកសាងខុនដូដែលមានតម្លៃទាប និងគោលការណ៍បង់ដំបូងទាប ក្នុងគោលបំណងផ្តល់លទ្ធភាពជូនយុវជនក្នុងការទិញខុនដូជារបស់ខ្លួនបានក្នុងរាជធានីភ្នំពេញ។

យោងតាមព័ត៌មានបានឱ្យដឹងថា គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានផ្ទៃដីសរុបប្រមាណ ១៧០០០ ម៉ែត្រការ៉េ និងមានផ្ទៃក្រឡាសំណង់ជាង ២០ម៉ឺនម៉ែត្រការ៉េ ហើយក៏ជាស្នាដៃថ្មីមួយទៀតនៅរាជធានីភ្នំពេញដែលស្ថាបនាឡើងដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បន្ទាប់ពីគម្រោងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ព្រីនស៍ ម៉ូឌើន ផ្លាហ្សា និងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា។

គម្រោងនេះមានទីតាំងស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ខាងត្បូងមហាវិថីព្រះមុនីវង្សដែលជាវិថីពាណិជ្ជកម្មដ៏មមាញឹក និងនៅជិតចំណុចប្រសព្វនៃផ្លូវសំខាន់ៗទាំងបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីសមេ្តចតេជោហ៊ុនសែន។ គម្រោងនេះមានទីតាំងភូមិសាស្រ្តអំណោយផល និងប្រមូលផ្តុំទៅដោយគម្រោងគាំទ្រថ្នាក់ជាតិជាច្រើន៕