(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រី Formula One បាននឹងកំពុងតាមដានយ៉ាងជិតស្និទ្ធិ នូវការវិវឌ្ឍន៍ក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនបានលើកឡើងថាតើព្រឹត្តិការណ៍ប្រណាំងរថយន្ត Russian Grand Prix នឹងអាចធ្វើឡើងតាមការគ្រោងទុក នៅខែកញ្ញាខាងមុខយ៉ាងណានោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

រុស្ស៊ីបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Grand Prix ចាប់តាំងពីឆ្នាំ២០១៤ ជាមួយនឹងព្រឹត្តិការណ៍ដែលគ្រោងនឹងធ្វើឡើងក្នុងឆ្នាំនេះ គឺនៅថ្ងៃទី២៥ ខែកញ្ញា។

«Formula One កំពុងតាមដានការវិវឌ្ឍន៍យ៉ាងខ្លាំង ដូចអ្នកដទៃដែរ ហើយនៅពេលវេលានេះ មិនមានការលើកឡើងបន្ថែមស្តីពីការប្រណាំង ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញាខាងមុខនោះទេ» នេះបើតាមសម្តីអ្នកនាំពាក្យមួយរូបដែលត្រូវបានទិញសិទ្ធិពាណិជ្ជកម្មដោយក្រុមហ៊ុន Liberty Media មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៧ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

«យើងនឹងបន្តតាមដាន ស្ថានភាពយ៉ាងជិតស្និទ្ធ»។

ការប្រកួតនៅប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ គ្រោងនឹងក្លាយជាការប្រកួតជុំចុងក្រោយនៅទីលាន Sochi Olympic ជាមួយនឹងព្រឹត្តិការណ៍នេះត្រូវបានផ្លាស់ចេញ ទៅប្រណាំងនៅខាងក្រៅទីក្រុង St Petersburg ចាប់ពីឆ្នាំ២០២៣។

រុស្ស៊ី បានបើកការឈ្លានពានទាំងអស់ទៅលើអ៊ុយក្រែនទាំងជើងគោក អាកាស និងជើងទឹកនាថ្ងៃព្រហស្បតិ៍នេះ ជាការវាយប្រហារធំជាងគេបំផុតដោយរដ្ឋមួយ ប្រឆាំងនឹងរដ្ឋដទៃទៀតនៅតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនគ្រោងនឹងដាក់ «ទណ្ឌកម្មធ្ងន់ធ្ងរ» ប្រឆាំងនឹងរុស្ស៊ី ក្នុងនោះរួមទាំងការចាត់វិធានការប្រឆាំងនឹងធនាគាររុស្ស៊ីបន្ថែមទៀត ដូចជា ធនាគារ Sberbank និងធនាគារ VTB ជាដើម ស្របពេលដែលក្រុមហ៊ុនធនាគារ VTB Group ជាម្ចាស់ឧបត្ថម្ភពានរង្វាន់ Russian Grand Prix៕