(តូរីន)៖ ខ្សែប្រយុទ្ធ Kaio Jorge របស់ក្លិប Juventus នឹងអវត្តមានពីការប្រកួតប្រមាណ ៨ខែ បន្ទាប់ពីទទួលការវះកាត់ជង្គង់។ នេះបើតាមការឲ្យដឹងពីក្លិប លេងនៅលីគកំពូលអ៉ីតាលី Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

កីឡាករសញ្ជាតិប្រេស៊ីល ដែលបានលេង ៩ប្រកួតក្នុងលីគ Serie A នារដូវកាលនេះនោះ បានរងរបួសនៅអំឡុងពេលការប្រកួត Under-23 កាលពីថ្ងៃពុធកន្លងទៅ។

«ព្រឹកនេះ នៅឯមន្ទីរពេទ្យ Sedes Sapientiae កីឡាករ Kaio Jorge បានស្ថិតក្រោមការវះកាត់ បន្ទាប់ពីដាច់សរសៃពួរជើងខាងស្តាំរបស់លោក» នេះបើតាមក្លិប Juventus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

«ការវះកាត់...បានទទួលភាពជោគជ័យ ហើយការជាសះស្បើយវិញ ត្រូវការពេលវេលាប្រមាណ ៨ខែ»

កីឡាករវ័យ ២០ឆ្នាំរូបនេះបានចូលរួមជាមួយសេះបង្កង់ Juventus ក្រោយចាញពីក្លិបប្រេស៊ីល Santos នាខែសីហា ឆ្នាំ២០២១។

Juventus កំពុងឈរនៅលំដាប់ទី៤ ក្នុងលីគ Serie A ដោយមាន ៤៧ពិន្ទុពី២៦ប្រកួត និងមាន ៩ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង AC Milan។ ពួកគេនឹងធ្វើដំណើរទៅជួបក្រុម Empoli នៃការប្រកួតលីគ Serie A នាថ្ងៃសៅរ៍ស្អែកនេះ៕