(បរទេស)៖ Meta ដែលជាមេធំរបស់ Facebook, Instagram និង WhatsApp បានប្រកាសបង្ហាញពីគម្រោងស្រាវជ្រាវបច្ចេកវិទ្យា AI ធំថ្មីរបស់ខ្លួន ដែលជាគម្រោងក្នុងការបង្កើត Software សម្រាប់ការបកប្រែភាសាតាមការនិយាយភា្លមៗ ខណៈដែល Software ថ្មីមួយនេះគឺនឹងអាចបកប្រែបានគ្រប់ភាសាតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ The Verge នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Meta លោក Mark Zuckerberg បានលើកឡើងនៅក្នុងបទបង្ហាញតាមអ៊ីនធើណេតមួយថា «សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់នៅក្នុងភាសាណាមួយនោះគឺជាមហាអំណាចដែលមនុស្សគ្រប់គ្នាតែងតែសុបិន្តជារៀងរាល់ថ្ងៃ ហើយមកទល់ពេលនេះ AI ថ្មីនេះនឹងមកបំពេញបំណងមនុស្សគ្រប់គ្នា»

ហើយដើម្បីបង្កើត Software នោះបានគឺ Meta នឹងប្រើប្រាស់វិធីសាស្រ្តថ្មីដើម្បីយកឈ្នះលើបញ្ហាប្រឈមនោះគឺបង្កើត Machine Learning ដោយផ្តោតលើចំណុចសំខាន់ធំៗចំនួនពីរ។ ចំណុចសំខាន់ទីមួយនោះគឺផ្តោតទៅលើ No Language Left Behind «មានន័យថាមិនបោះបង់ភាសាណាមួយនោះទេ» ដោយផ្តោតលើការបង្កើត AI Model ដែលអាចរៀនបកប្រែភាសាបានដោយខ្លួនឯង ឬមានការ Training ជាដើម។ ចំណុចសំខាន់ទីពីរនោះគឺផ្តោតទៅលើ Universal Speech Translator ជាចំណុចសំខាន់មួយដែលគេផ្តោតលើការបង្កើត System ដែលអាចបកប្រែការនិយាយបានភ្លាមៗពីភាសាមួយទៅភាសាមួយទៀតដោយមិនចាំបាច់បម្លែងទៅជាអក្សរសិន ដូចជា System ដែលមានក្នុងពេលបច្ចុប្បន្ននេះ។

គួរជម្រាបដែរថា សម្រាប់ពេលវេលាជាក់លាក់ដោយប្រើរយៈពេលប៉ុន្មានក្នុងការបញ្ចប់គម្រោងបង្កើត Software សម្រាប់ការបកប្រែថ្មីនេះ Meta មិនបានធ្វើការបញ្ជាក់នោះទេ ដោយគ្រាន់តែមានការព្យាករណ៍ថា «universal translation» នោះវានឹងក្លាយជាកម្មវិធីមួយដ៏មានសារៈសំខាន់សម្រាប់អនាគតផលិតផលដូចជា AR glasses និង VR Headset ជាដើម៕